ផេកល្បីមួយ ឱ្យដំរួយថា Aff អាចនឹងជ្រើសរើសបុរសរូបនេះ បន្ទាប់ពីមើលឃើញសកម្មភាពថ្ងៃនាងជួបទុក្ខ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានទស្សនារឿងភាគថៃច្បាស់ជាស្គាល់មិនខានតារាសម្ដែងស្រីជួរមុខប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ ថៃ Aff Taksaorn ដែលនាងជាតារាស្រីរៀមច្បងក្នុងសង្គមសិល្បៈថៃម្នាក់ តែងទទួលបានការគោរពឱ្យតម្លៃពីមនុស្សជុំវិញខ្លួន។
អ្វីដែលសំខាន់ បើទោះបីជានាងបានចែកផ្លូវជាមួយនឹងស្វាមី ហើយខាងប្រុសមានសង្សាររាប់ភ្លេចហើយក៏ដោយ តែនាងហាក់មិនខ្វាយខ្វល់ឡើយរឿងសាងស្នេហ៍ថ្មី ទាំងដែលមួយរយៈចុងក្រោយនេះផ្ទុះដំណឹងថ្មីៗរហូតថា អ្នកកំលោះរូបនេះរូបនោះបានចូលមកចែចង់សុំស្នេហ៍រហូត តែនាងមិនដែលបញ្ជាក់ឡើយថា ម្នាក់ណាដែលអាចឆក់យកបេះដូងនាងបាន។
ដោយឡែក បើងាកមកមើលរឿងដែលមហាជនកំពុងតែចាប់អារម្មណ៍ និង សង្ស័យនាពេលនេះវិញគឺ ម្នាក់ៗសង្ស័យថា មនុស្សដែលអាចឆក់យកបានបេះដូង Aff Taksaorn បានគឺជាអ្នកកំលោះ Nonkul ក្រោយផេកល្បីមួយ បានបង្ហោះថា ៖ «រឿងបេះដូង Aff មិនបានប្រាប់អ្នកណាទេ ក្រៅពីអ្នកជិតស្និទ្ធរបស់នាង ព្រោះ Aff ចង់សន្សឹមៗ អ្នកណាចង់ផ្គូផ្គងជាមួយអ្នកណាក៏បានដែរ ជាសិទ្ធិរៀងខ្លួន តែចែមួយនៅតែប្រាកដក្នុងចិត្តថា អ្នកណានៅជាមួយនាងអំឡុងថ្ងៃដែលនាងមានទុក្ខគឺ អ្នកនោះហើយ រឿងអាយុគ្មានបញ្ហា ព្រោះ Aff មានគ្រប់យ៉ាងហើយ ខ្វះតែម្យ៉ាងទេគឺ បុរសដែលយល់ចិត្តនៅក្បែរមើលថែនាង»។
គួរបញ្ជាក់ដែរថា បុរសដែលនៅក្បែរ Aff ខណៈនាងជួបទុក្ខបន្ទាប់ពីឪពុកនាងបានបាត់បង់ជីវិតថ្មីៗនេះនោះគឺ មហាជនសង្កេតឃើញថា មានតែ Nonkul ម្នាក់ទេ ដែលនៅក្បែរផ្តល់ស្នាមញញឹមស្ទើរមិនឃ្លាតមួយជំហានពី Aff នោះ៕