(វីដេអូ) ហង្ស ម៉ានីតា ជូនដំណើរ សំណាង អេលីណា ឡើងយន្តហោះទៅប្រកួតនៅជប៉ុន ផ្ដល់កម្លាំងចិត្តយ៉ាងកក់ក្ដៅ
ពិតណាស់ កញ្ញា សំណាង អេលីណា ដែលជា Miss Universe Cambodia 2019 និង បានជ្រើសរើសក្លាយជា Miss International Cambodia 2023 តំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss International 2023 ដែលរៀបចំឡើងនៅប្រទេសជប៉ុនឆាប់ៗនេះ។
យ៉ាងណាមិញ សំណាង អេលីណា ក៏បានត្រៀមខ្លួនរួចជាស្រេច និង ធ្វើការហ្វឹកហាត់យ៉ាងសកម្មភាព ពោរពេញដោយភាពជឿជាក់ ក្លាហានមុះមុត ក្នុងការតំណាងឱ្យកម្ពុជាចូលប្រកួតលើឆាកមួយនេះ និង ពេញដោយក្ដីសង្ឃឹមថានឹងអាចនាំលទ្ធផលល្អមកមាតុភូមិវិញ។
ដោយឡែក នៅយប់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ នេះ សំណាង អេលីណា ក៏បានឡើងយន្តហោះធ្វើដំណើរទៅប្រទេសជប៉ុនហើយ ដែលឃើញថាមានវត្តមានបងប្អូន សាច់ញាតិ និង បវរកញ្ញារៀមច្បងក៏បានធ្វើការជូនដំណើរ និង ជូនពរដល់នាងផងដែរ។
ក្នុងនោះដែរ គេក៏បានឃើញ Miss Universe Cambodia 2022 ហង្ស ម៉ានីតា ទៅជូនដំណើរ សំណាង អេលីណា ដែលជាសិស្សច្បង និង មិត្តសម្លាញ់ ដែលជូនពរឱបផ្ដល់កម្លាំងចិត្តនាងយ៉ាងកក់ក្ដៅ។
ក្រឡេកទៅមើល មហាជនក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ក៏កំពុងតែធ្វើការជូនពរ និង ផ្ដល់កម្លាំងដល់បវរកញ្ញារូបនេះ ឱ្យទទួលបានជោគជ័យលើឆាកអន្តរជាតិមួយនេះគ្រប់ៗគ្នាផងដែរ៕