អ្នកគាំទ្រសង្ស័យមកពីមូលហេតុហើយ ទំនងជាធ្វើឱ្យ Mai និង Baifern លែងស្និទ្ធស្នាលគ្នាដូចមុន
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាងតារាស្រីរូបស្រស់ Baifern និង តារាស្រី Mai Davika ដោយអ្នកទាំងពីរធ្លាប់ជាមិត្តសម្លាញ់នឹងគ្នា តែក្រោយមកទំនាក់ទំនងដែលតែងតែស្និទ្ធស្នាលខ្លាំង ប្រែសោះកក្រោះ លែងស្និទ្ធស្នាលគ្នាដូចមុន រហូតមហាជនសង្ស័យថាមិត្តសម្លាញ់មួយគូនេះមានទំនាស់គ្នាធ្វើឱ្យទំនាក់ទំនងត្រូវបែកបាក់។
អ្វីដែលនឹកស្មានមិនដល់នោះ ចាប់តាំងពីថ្ងៃដែលតារាស្រីពីរដួងនេះសោះកក្រោះនឹងគ្នា គិតមកទល់ពេលនេះ ៦ ឆ្នាំមក ដែលអ្នកទាំងពីរមិនដែលបង្ហាញភាពស្និទ្ធស្នាល និយាយគ្នាដូចកាលពីដំបូងឡើយ រហូតអ្នកគាំទ្រំចង់ឱ្យអ្នកទាំងពីរត្រូវគ្នាវិញ។
ប្រិយមិត្តប្រាកដជាចង់ដឹងជាក់ជាពុំខានថា មូលហេតុអ្វីបានជាមិត្តសម្លាញ់មួយគូនេះប្រែសោះកក្រោះដាក់គ្នា? បើតាមការវិភាគរបស់អ្នកគាំទ្របានលើកឡើងថា Mai និង Baifern ដំបូងឡើយស្ថិតនៅក្នុងប៉ុស្តិ៍លេខ ៧ ជាមួយគ្នា មានអ្នកគ្រប់គ្រងតែមួយ បន្ទាប់មកអ្នកទាំងពីរក៏បានចប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ក្លាយជាតារាឯករាជ។ ក្រោយចេញពីទ្រនំចាស់ Mai ក៏នៅតែឡើងកូដការងារចូលជារឿយៗ រីឯ Baifern បន្ទាប់ពីចេញពីទ្រនំចាស់ តែនាងបែរជាមានព័ត៌មានមិនល្អចូលមកមិនចេះឈប់ រហូត Baifern បានសម្រេចចិត្តផ្លាស់ប្តូរអ្នកគ្រប់គ្រង មកយកមិត្តភក្តិនាងធ្វើជាអ្នកគ្រប់គ្រងជំនួសវិញ ហើយ Mai នៅជាមួយអ្នកគ្រប់គ្រងចាស់ដដែល។
យ៉ាងណាមិញ ចាប់តាំងពីប្តូរអ្នកគ្រប់គ្រងមក គេសង្កេតឃើញថា មិត្តភាពរវាង Mai និង Baifern ក៏ចាប់ផ្តើមប្រែប្លែក លែងស្និទស្នាល លែងផ្អែមល្ហែមដូចមុន ដែលធ្វើឱ្យហាជនគិតព្រោងព្រាតថា អាចនឹងបណ្តាលមកពីបញ្ហាដែលបានរៀបរាប់ខាងលើ៕