ដាច់ចិត្តបង្ហាញស្នេហាថ្មី ផេន ខេក បណ្ដើរគូស្នេហ៍ទៅសាងភាពផ្អែមល្ហែមលើទឹកដីអង្គរ
ពិតណាស់ ចំពោះរឿងរ៉ាវស្នេហារបស់តារាភេទទី ៣ ផេន ខេក បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីប្រមាណជិត ២ ឆ្នាំ ថ្មីៗកន្លងទៅ ធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង រំភើបចិត្តជាខ្លាំង ក្រោយពី ផេន ខេក កាន់ដៃបុរសសង្ហាម្នាក់ ស្លៀកឈុតប្រពៃណីបែបកូនកំលោះកូនក្រមុំ ដែលនាំឱ្យផ្ទុះការសង្ស័យថាបុរសម្នាក់នោះទំនងជាគូស្នេហ៍ថ្មីរបស់នាង។
ជាមួយនឹងរូបភាពគ្រងឈុតប្រពៃណី គេឃើញថា ផេន ខេក និង បុរសសង្ហាម្នាក់នោះ ហាក់មានភាពស្និទ្ធស្នាលគ្នាខ្លាំង ដែលនាំឱ្យមហាជនមួយចំនួនសង្ស័យពីទំនាក់ទំនងរវាងអ្នកទាំងពីរថាលើសពីមិត្តរួមការងារ ព្រមទាំងចូលទៅសម្ដែងការអបអរសាទរព្រោងព្រាតថាជាគូស្នេហ៍ថ្មីថ្មោង។
យ៉ាងណាមិញ ក្រោយបញ្ចេញរូបភាពក្នុងឈុតប្រពៃណីបែបកូនកំលោះកូនក្រមុំ មួយរយៈនេះ ផេន ខេក និង បុរសសង្ហានោះ កាន់តែបង្ហាញច្បាស់ពីទំនាក់ទំនង ដែលនាងបានបើកបង្ហាញចំណងស្នេហាថ្មីនេះយ៉ាងច្បាស់ៗបង្ហោះរូបភាពជាបន្តបន្ទាប់ស្ដែងពីស្នេហារបស់អ្នកទាំងពីរ។ ជាក់ស្ដែង ថ្មីៗនេះ ក៏បានឃើញកញ្ញា ផេន ខេក និង គូសង្សារ បានដឹកដៃគ្នាដើរកម្សាន្តនៅឯទឹកដីអង្គរ និង ថតរូបយ៉ាងផ្អែមល្ហែម។
ក្នុងនោះ ផេន ខេក ក៏បានបង្ហោះសារភ្ជាប់ជាមួយរូបភាពយ៉ាងផ្អែមល្ហែមនោះទៀតថា ៖ «ទំនាក់ទំនងពិតប្រាកដក្នុងស្នេហា និង ទំនាក់ទំនងជាមួយនរណាម្នាក់ គឺជាទំនាក់ទំនង ដែលព្រមទទួលយកអតីតកាល គាំទ្របច្ចុប្បន្ន ស្រឡាញ់ និង ជំរុញលើកទឹកចិត្តអនាគតរបស់អ្នក»៕