ធា សុខតុលា ក្លាយជា Mister International Cambodia 2023 ទៅប្រកួតនៅហ្វីលីពីន
នៅពេលនេះគេឃើញថាមានកម្មវិធីប្រកួតសម្រស់ជាច្រើនមិនថា បវរកញ្ញា ឬ បុរសឯកនោះទេ កំពុងតែបើកឆាកប្រកួតយ៉ាងស្វិតស្វាញជាបន្តបន្ទាប់ដើម្បីស្វែងរកម្ចាស់ជ័យលាភីប្រចាំឆ្នាំ ២០២៣ ព្រោះថាខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះក៏ឈានដល់ឆ្នាំ ២០២៤ ហើយ។
ក្នុងនោះ កម្មវិធីប្រកួតសម្រស់ផ្នែកបុរសឯកលំដាប់ថ្នាក់អន្តរជាតិមួយ Mister International 2023 កំពុងតែបើកការប្រកួតនៅប្រទេសហ្វីលីពីន។ តួយ៉ាង ងាកមកមើលកម្ពុជាក៏បានបញ្ជូនបេក្ខភាពរបស់ខ្លួនចូលរួមដែរ គឺប្រុសសង្ហាសាច់ដុំកង់ៗ មានសមត្ថភាពខ្លាំងពូកែលោក ធា សុខតុលា ដែលទើបតែទទួលបានតំណែងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ក្រោមការចាត់តាំងពីស្ថាប័នរៀបចំការប្រកួត CIM ។
មកដល់ពេលនេះ អ្នកកំលោះ តុលា បានធ្វើដំណើរដល់ប្រទេសហ្វីលីពីនដែលជាកន្លែងប្រកួតដោយសុខសុវត្ថិភាពហើយ។ ជាមួយនឹងការប្រកួតនេះ សម្រាប់មហាជនអ្នកគាំទ្រកម្ពុជាក៏បានបញ្ចេញមតិគាំទ្រ និង លើកទឹកចិត្តដល់បុរសឯករូបនេះយ៉ាងច្រើន ហើយ គេក៏សង្ឃឹមថាកំលោះរូបនេះនឹងនាំជ័យលាភីជូនកម្ពុជាផងដែរ៕