Margie ប្រាប់ថាចិញ្ចៀនដែលបាត់នោះ មិនសូវថ្លៃទេ តែមានតម្លៃខ្លាំងណាស់សម្រាប់នាង
អ្នកម្ដាយវ័យក្មេងកូនពីរ អ្នកនាង Margie Rasri ជាតារាសម្ដែងមួយរូប ដែលមានទាំងសមត្ថភាព និង បទពិសោធក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ព្រមទាំងមានខ្សែភាពយន្តជាច្រើន ដែលអ្នកគាំទ្រមិនអាចបំផ្លាញតារាស្រីរូបនេះបានដែរ។ តួយ៉ាងតារាសម្ដែងស្រីរូបនេះ បានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ ២០១៧ ជាមួយតារាចម្រៀងរ៉េប Pok Patsarakorn ម្ចាស់បទចម្រៀង WIP WUP ដែលមានការគាំទ្រយ៉ាងខ្លាំង។
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែល Margie បានបង្ហោះសារនៅក្នុងគណនី Instagram របស់ខ្លួនថា ៖ «កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងមកនេះ នាងបានធ្វើឱ្យបាត់ចិញ្ចៀនរៀបការ ខណៈពេលដែលខ្លួនកំពុងគិតលុយក្នុងហាង Robinson lifestyle វេលាម៉ោង ៥ ល្ងាច»។
តារាស្រីរូបនេះបានបន្តថា ៖ «ខ្លួនបានចំណាយពេលវេលារកវាដោយខ្លួនឯង មករយៈពេល ២ សប្ដាហ៍ហើយ តែនៅរកមិនឃើញឡើយ។ ទើបសម្រេចចិត្តប្រកាសស្វែងរក បើសិនជាមានអ្នកណាបានឃើញ អាចទាក់ទនមកបាន ព្រោះចិញ្ចៀននេះមិនសូវមានតម្លៃថ្លៃខ្លាំងនោះទេ តែវាជាចិញ្ចៀន ដែលខ្លួនស្រឡាញ់ និង មានតម្លៃសម្រាប់ផ្លូវចិត្តខ្លាំងណាស់»។ យ៉ាងណាមិញ Margie បានប្រាប់ថា សម្រាប់អ្នករកឃើញ ឬ ហាងដែលទទួលទិញចិញ្ចៀនរបស់ខ្លូន ប្រសិនបើប្រគល់ឱ្យនាងវិញនោះ ខ្លួននឹងមានប្រាក់រង្វាន់ផ្ដល់ជូនជាទឹកចិត្តបន្តិចចន្តួចៗ៕