Cai Xukun បង្ហាញមុខយ៉ាងភ្ញាក់ផ្អើល ក្រោយសំងំលាក់ខ្លួន ៣ ខែ ព្រោះរឿងអាស្រូវ
បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន Sohu បានចុះផ្សាយឱ្យដឹងថា តារាចម្រៀងប្រុស Cai Xukun បានរៀបចំការប្រគំតន្រ្តីទោលរបស់លោក នៅឯប្រទេសម៉ាឡេស៊ី ដែលមានចំនួនអ្នកទស្សនា ១២ ០០០ នាក់។
សម្រាប់ការវិលត្រឡប់របស់តារាប្រុសរូបនេះ ពិតជាធ្វើឱ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះនេះជាការបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីសំងំលាក់ខ្លួនអស់រយៈ ៣ ខែ ចាប់តាំងពីមានព័ត៌មានចចាមអារ៉ាមបង្ខំឱ្យមិត្តស្រីរំលូតកូនចេញ កាលពីខែមិថុនា ឆ្នាំ ២០២៣។
ថ្វីបើ Cai Xukun អាចបង្ហាញមុខនៅក្នុងការប្រគំតន្រ្តីទោលនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែនៅក្នុងប្រទេសចិន លោកនៅតែមិនអនុញ្ញាតឱ្យសម្ដែងជាសាធារណៈនោះទេ ដោយសារតែលោកបានទទួលមតិអវិជ្ជមាន និង ការធ្វើពហិការរបស់មហាជនចំពោះរូបលោកដដែល។
ទោះជាយ៉ាងណាក៏ដោយ បើតាមការបង្ហោះសារថ្មីជាលើកដំបូងនៅលើបណ្តាញសង្គម Weibo បន្ទាប់ពីឃ្លាតពីអ្នកគាំទ្រអស់រយៈ ៣ ខែមក តារាប្រុសវ័យ ២៥ឆ្នាំ រូបនេះ បានរៀបរាប់ថា៖ «ខ្ញុំក៏ជាមនុស្សដែរ ខ្ញុំក៏មានអារម្មណ៍ និង មានចិត្ត ហើយខ្ញុំក៏មានអ្វីជាច្រើនដែលអ្នកមិនយល់»។
តាមរយៈសារនេះដែរ Cai Xukun អាចចង់ឱ្យមហាជនយោគយល់ដល់លោក ហើយលោកក៏ប្តេជ្ញាផ្តោតលើអាជីពជាតារាចម្រៀងបន្ថែមទៀត ដើម្បីកុំឱ្យអ្នកគាំទ្រខកចិត្ត៕