យក់ ថិតរដ្ឋា សំងំសម្រករាងឡើងតូចជាងមុន ធ្វើឱ្យអ្នកគាំទ្រជញ្ជក់មាត់សរសើរ
ទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់កំពូលតារាចម្រៀង យក់ ថិតរដ្ឋា មកដល់ពេលនេះ នៅតែស្ថិតក្នុងការចងចាំរបស់អ្នកគាំទ្រជានិច្ច ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកម៉ាក់កូន ៣ រូបនេះ បែងចែកពេលវេលាដើម្បីមើលថែគ្រួសារ មិនសូវលេចមុខក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹងដូចកាលពីអំឡុងឆ្នាំជាង ២០០០ ក៏ដោយ។
បន្ទាប់ពីក្លាយជាភរិយា និង ក្លាយជាម្ដាយរបស់កូនៗទាំង ៣ រួចមក រូបសម្រស់ ក៏ដូចជារូបរាងរបស់កំពូលតារាស្រីរូបនេះ ចាប់ផ្ដើមផ្លាស់ប្ដូរប្រែជាមានសាច់ឈាមជាងមុន ដែលការប្រែប្រួលសម្រស់រូបរាងខ្លះនេះ ធ្វើឱ្យមហាជនមួយចំនួនរិះគន់ទៅលើនាង ហើយកាលនោះ យក់ ថិតរដ្ឋា ក៏បានយកការឈឺចាប់ពីការរិះគន់សរសេរនៅក្នុងបទចម្រៀង ព្រមទាំងចេញបកស្រាយថា មិនមែននាងមិនចង់ស្អាតទេ តែដោយសារកាលៈទេសៈ និង ការទទួលខុសត្រូវក្នុងគ្រួសារ ទើបធ្វើឱ្យផ្លាស់ប្ដូរ។
តែយ៉ាងណា ថ្មីៗនេះ យក់ ថិតរដ្ឋា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ ខណៈរូបថតថ្មីៗដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឃើញថារូបរាងរបស់អ្នកម៉ាក់រូបនេះ ហាក់តូចច្រឡឹងជាងមុន ដៃជើងក៏ស្រឡូន ចង្កេះក៏តូចចេញរាងរៅជាងមុនដែរ។
ការបង្ហាញរំលេចរូបរាងក្រោយពីសំងំសម្រករបស់ យក់ ថិតរដ្ឋា ធ្វើឱ្យអ្នកគាំទ្រនាងជាច្រើនលាន់មាត់សរសើរ និង តាមសម្លឹងយ៉ាងច្រើនព្រោងព្រាត៕