លុតដែកទាន់ក្តៅ! សាន់ កេសី បោះដំរួយចង់វិលមកប្រកួតម្តងទៀត ប៉ុន្តែមិនទាន់កំណត់កម្មវិធី
បើទោះជាកម្មវិធី Miss Grand Cambodia 2023 បានស្វែងរកឃើញម្ចាស់មកុដ និង បញ្ចប់ទៅហើយក្តី ក៏ប៉ុន្តែថ្មីៗនេះកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ក៏កំពុងតែជ្រើសរើសបេក្ខភាពប្រកួតតាមបណ្តាខេត្តនានា ដើម្បីស្វែងរកម្ចាស់មកុដប្រចាំឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ ប្រិយមិត្តដែលនិយមតាមដានវិស័យបវរកញ្ញាច្បាស់ជាបានស្គាល់ហើយចំពោះបេក្ខភាព MGC ២០២៣ មួយរូប គឺកញ្ញា សាន់ កេសី ដែលបានឈានទៅដល់វគ្គជម្រុះក្នុងចំណោម ១៥ នាក់ផងដែរ។ ក្នុងពេលប្រកួតនោះ កញ្ញាហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ជាពិសេសនៅក្នុងវគ្គបង្ហាញនូវឈុតតំណាងជាតិ ព្រោះថារាល់កាយវិការគឺពោរពេញទៅដោយភាពរស់រវើក បង្ហាញនូវភាពជឿជាក់ រីឯឈុតវិញរំលេចនូវត្បូងរាប់រយគ្រាប់ និង ជីវចម្រុះជាច្រើនដែលមាននៅក្នុងសមុទ្រខេត្តកែប ដែលនាងបានតំណាង។
ដោយឡែក ក្រោយពីការប្រកួតចប់ស្រាប់តែកន្លងទៅថ្មីៗនេះ អ្នកគាំទ្របានឃើញនៅលើគណនីហ្វេសបុករបស់កញ្ញា សាន់ កេសី ពីសកម្មភាពកំពុងតែធ្វើការហ្វឹកហាត់ការដើរ ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងជាងមុន ក្នុងនោះដែរកញ្ញាក៏បានបង្ហើបនិយាយថា ៖ «បើសិននាងខ្ញុំត្រឡប់ក្នុងកម្មវិធីប្រកួត Miss ណាមួយ តើបងប្អូនគាំទ្រទេ» ខណៈនោះក៏មានមហាជនជាច្រើនបានចូលទៅផ្តល់មតិគាំទ្រកញ្ញាយ៉ាងព្រោងព្រាត៕