មិនធម្មតា! Dilireba ត្រូវគេជ្រើសរើសឱ្យក្នុងបញ្ជី ៥០០ នាក់ ជាបុគ្គលល្បីមានឥទ្ធិពលបំផុតក្នុងពិភពម៉ូដ
បច្ចុប្បន្ននេះ តារាសម្ដែងស្រី Dilraba Dilmurat ត្រូវបានទស្សនិកជនទទួលស្គាល់ថាជាកំពូលតារាស្រីសម្បូរប្រជាប្រិយភាពនៅក្នុងវិស័យកម្សាន្តចិន ហើយថ្មីៗនេះនាងក៏ត្រូវបានគេជ្រើសរើសធ្វើជា BA សម្រាប់ផលិតផលគ្រឿងសម្អាង និង ទឹកអប់របស់ប្រេន Dior កាន់ផ្សព្វផ្សាយជាសកល។
លើសពីនេះ នាងក៏បានទទួលការងារបន្តបន្ទាប់ចូលរួមក្នុងព្រឹត្តិការណ៍ Dior Paris Fashion Week ឆ្នាំ ២០២៤ ដោយតារាស្រី Dilraba ត្រូវបានគេជ្រើសរើសចូលក្នុងបញ្ជី ៥០០ នាក់ ដែលមានឥទ្ធិពលបំផុតក្នុងពិភពម៉ូដនៅលើប្រព័ន្ធផ្សព្វផ្សាយ The Business of Fashion។
ខណៈពេលដែលមានវត្តមាននៅលើទស្សនាវដ្តីម៉ូដឈានមុខគេនៅក្នុងប្រទេសជុំវិញពិភពលោក ដូចជា ថៃ កូរ៉េ ជប៉ុន សិង្ហបុរី វៀតណាម និងអឺរ៉ុប និង ប្រទេសដទៃជាច្រើនទៀត មកទល់នឹងពេលនេះ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ កំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយផ្តោតលើសមត្ថភាព និង រូបសម្រស់របស់នាង ក្រោយឈរជើងក្នុងអាជីពសម្ដែងអស់ជាច្រើនឆ្នាំកន្លងមក៕