អីយ៉ាស់! កូនធំរឹងដៃជើងបន្តិច ប៉ែន ចំរុង ប្រឹងយកចិត្តប្រពន្ធ ហើយបង្ហើបបំណងចង់បានកូនប្រុសម្នាក់ទៀត
ចាប់តាំងពីកូនស្រីធំរឹងដៃរឹងជើងបន្តិចមក ពិធីកររូបសង្ហា លោក ប៉ែន ចំរុង ហាក់បង្ហាញចេតនាលួងលោមប្រពន្ធប្លែកខុសពីមុនបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងបំណងប្រៀបដូចជាកំពុងលួងយកកូនប្រុសម្នាក់ទៀត។
មិនបត់បែនច្រើននាំឱ្យខាតពេលវេលា ពេលនេះនាងតូច ចំរុង បេឡាជុតិម៉ា តំណក់ឈាមដំបូងរវាងលោក ប៉ែន ចំរុង និង អ្នកនាង ហ៊ុន ម៉ាណេ មានអាយុជាង ៣ ឆ្នាំហើយ ស្រាប់តែលោកប៉ារូបសង្ហាខាងលើ បានបង្ហោះសារសួរទៅភរិយាបណ្ដូលចិត្តត្រង់ៗថា ៖ «តាំងពីកូនចូលរៀនមក កំលោះក្រមុំសាជាថ្មី ពោះទំនេរទេសុំផ្ញើកូនប្រុស ១ ទៀតបានទេ? ហ៊ុន ម៉ាណេ»។
នេះមិនមែនជាលើកដំបូងទេ ដែលលោក ប៉ែន ចំរុង បង្ហើបលើហ្វេសប៊ុកជាសាធារណៈ រំលេចពីគោលបំណងចង់បានប្អូនប្រុសម្នាក់ឱ្យកូនស្រីគ្រាន់ប្រលែងលេង និង មានបងប្អូនហៅនឹងគេ។
កន្លងមកគេសង្កេតឃើញថា ទោះបីជា ប៉ែន ចំរុង មមាញឹកការងារសិល្បៈយ៉ាងណា ក៏លោកតែងតែឆ្លៀតផ្ដល់ពេលវេលាសម្រាប់គ្រួសារ ផ្ដល់សុភមង្គល ភាពកក់ក្ដៅដល់ប្រពន្ធ និង កូនជានិច្ច៕