ផ្ទុះការសង្ស័យ រឿន ណាត អាចនឹងតំណាងឱ្យកម្ពុជាម្តងទៀត ចូលប្រកួតកម្មវិធី Miss Charm 2023
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CIM បានទិញអាជ្ញាប័ណ្ណកម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ថ្នាក់ពិភពលោក Miss Charm មកធ្វើការរៀបចំដើម្បីរើសបេក្ខភាពបវរកញ្ញាខ្មែរក្នុងការចូលរួមប្រកួតប្រជែង។ ដោយឡែក នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុននេះក៏បានអញ្ជើញ Miss Charm មកទស្សនៈកិច្ចនៅកម្ពុជាដែរ។
អ្វីដែលជាព័ត៌មានរសើប និង ផ្ទុះការចាប់អារម្មណ៍នោះ គឺមហាជនមានការសង្ស័យថា កញ្ញា រឿន ណាត ដែលជា Miss Universe Cambodia 2018 អាចនឹងតំណាងឱ្យកម្ពុជាម្តងទៀតក្នុងកម្មវិធី Miss Charm 2023។ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រសង្ស័យនោះ គឺបន្ទាប់ពីគេបានឃើញមានការលើកឡើងពីអ្នកឧបត្ថម្ភកម្មវិធីធំ គឺលោក ជិន សំណាង រំឭកដល់ឈ្មោះ រឿន ណាត ស្របពេលដែលស្ថាប័ន CIM ទើបតែទិញបានសិទ្ធិនៃកម្មរៀបចំកម្មវិធី Miss Charm ក្នុងឆ្នាំនេះ ហើយណាមួយកៀកនឹងថ្ងៃប្រកួតផង ដូចនេះ ទំនងក្រុមហ៊ុន CIM មិនអាចរៀបចំរើសបេក្ខភាពទាន់ពេលវេលានោះទេ គឺតែមានការចាត់តាំង។
គួរឱ្យដឹងដែរថា ថ្មីៗកន្លងទៅនេះ គេបានដឹងថាក្រុមហ៊ុន CIM ក៏ទើបតែចាត់តាំងបំពាក់មកុដឱ្យស្រីស្រស់ សំណាង អេលីណា ក្លាយជា Miss International Cambodia 2023 ដូចនេះបេក្ខភាពបន្ទាប់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ CIM គឺមានតែកញ្ញា រឿន ណាត ដែលមហាជនគិតថាស័ក្តិសមតំណាងឱ្យកម្ពុជា តែយ៉ាងណានេះគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ សម្រាប់ព័ត៌មានពិត ឬ យ៉ាងណានោះ មានតែចាំការបំភ្លឺ និង ប្រកាសពីក្រុមហ៊ុន CIM៕