ហេតុតែបំពេញតួនាទីជាឪពុកមាល្អ កៅ សីហា សុខចិត្តលះបង់ឱកាសធំមួយនៅប្រទេសឡាវ
នៅក្នុងវិស័យសិល្បៈ លោក កៅ សីហា ត្រូវបានគេស្គាល់ថាជាផលិតករ និង ជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះដែលបានសាងស្នាដៃជាច្រើនសុទ្ធសឹងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។ រំឭកអំពីស្នាដៃតែងនិពន្ធមួយកាលពីឆ្នាំ ២០០៩ លោកបានចូលរួមប្រឡងប្រជែងការតែងនិពន្ធរឿងខ្លី និង កំណាព្យ «ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ» ដោយទទួលបានជ័យលាភីលេខ ១ ផ្នែកអក្សរសិល្ប៍ទំនើបកម្មជាមួយរឿងប្រលោមលោកខ្នាតខ្លីសម្រាប់រដូវកាលទីពីរចំណងជើង «ស្លាកស្នាមអនុស្សាវរីយ៍»។
យ៉ាងណាមិញ មកដល់ឆ្នាំ ២០២៣ ចុងខែតុលានេះ សាធារណរដ្ឋប្រជាមានិតឡាវ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះម្តងទៀត ដែលលោក កៅ សីហា ក៏នឹងត្រូវទៅចូលរួមធ្វើជាគណៈប្រតិភូផងនោះ តែដោយសារជាប់ធ្វើរឿងដ៏សំខាន់មួយ លោកក៏សុខចិត្តខកខានមិនបានទៅវិញ។ ជាក់ស្តែង តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក កៅ សីហា បានសរសេររៀបរាប់ភ្ជាប់មកជាមួយរូបភាពពីរបីសន្លឹកយ៉ាងដូច្នេះថា ៖
រំឭកដល់ឆ្នាំ ២០០៩ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រឡងប្រជែងយកពានរង្វាន់មេគង្គនៃឥណ្ឌូចិនលើកទីពីរ ដោយប្រកួតលើវិញ្ញាសានិពន្ធនៃស្នាដៃអក្សរសិល្ប៍បែបទំនើបកម្ម ផ្នែករឿងខ្លី និង កំណាព្យខ្នាតខ្លីផងដែរ។
ក្រោមការចូលរួម បេក្ខភាពក្នុងប្រទេសបានដាក់ស្នាដៃមកប្រកួតរាប់រយអត្ថបទ និង រាប់សិបចំណងជើង កម្ពុជារើសបានម្ចាស់ជ័យលាភីក្នុងស្រុកគ្រប់វិញ្ញាសា សម្រាប់យកមកចូលរួមពិធីចែកពានរង្វាន់រួមគ្នាដែលមានប្រទេស កម្ពុជាយើងជាម្ចាស់ផ្ទះ ប្រទេសវៀតណាម និង សាធារណរដ្ឋប្រជាមានិតឡាវ។ ដោយឡែកប្រទេសថៃ និង ភូមា បានមកចូលរួមក្នុងនាមជាភ្ញៀវ ដើម្បីស្រង់បទពិសោធលើរបៀបវារៈនៃការប្រកួត សម្រាប់ត្រៀមចូលរួមឆ្នាំបន្ទាប់ គឺឆ្នាំ ២០១០ ដែលពេលនោះឡាវ នឹងធ្វើជាម្ចាស់ផ្ទះម្ដង ក្នុងការរៀបចំប្រកួតប្រជែងជាលើកទីបី។
គួរបញ្ជាក់ដែរថា លើកទីមួយគឺប្រទេសវៀតណាមជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រឡងប្រកួតប្រជែងដើម្បីលើកកម្ពស់វិស័យអក្សរសិល្ប៍ និង អក្សរសិល្ប៍បែបទំនើបកម្មនៃប្រទេសនីមួយៗ ដែលមានដងទន្លេមេគង្គហូរកាត់។ ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គនារដូវកាលទី ២ នៃឆ្នាំ ២០០៩ នោះ គឺធ្វើឡើងក្រោមប្រធានបទ «មិត្តភាពទាំងបីនៃប្រទេសកម្ពុជា វៀតណាម ឡាវ ក្នុងកិច្ចសហប្រតិបត្តិការ»។
សម្រាប់ស្នាដៃជ័យលាភីលេខ ១ ផ្នែកអក្សរសិល្ប៍ទំនើបកម្ម គឺបានទៅលើរឿងប្រលោមលោកខ្នាតខ្លីសម្រាប់កម្ពុជានាឆ្នាំ ២០០៩ រដូវកាលទី ២ នេះ មានចំណងជើងថា «រឿងស្លាកស្នាមអនុស្សាវរីយ៍» ដែលជាស្នាដៃនិពន្ធដោយកវីនិពន្ធ កៅ សីហា។
គួរបញ្ជាក់បន្ថែមផងដែរថា សម្រាប់ឆ្នាំ ២០២៣ នេះ សាធារណរដ្ឋប្រជាមានិតឡាវ បានធ្វើជាម្ចាស់ផ្ទះម្ដងទៀត ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែតុលា ២០២៣ ខាងមុខនេះ នៅទីក្រុងវៀងចន្ទន៍។ សម្រាប់ខ្ញុំគិតរួចរាល់ហើយថានឹងទៅចូលរួមធ្វើជាគណៈប្រតិភូអមដំណើរដោយបេក្ខភាពជ័យលាភីភាគីកម្ពុជាជាមួយបងៗនៅសមាគមអ្នកនិពន្ធខ្មែរ។
តែឥឡូវផែនការត្រូវខកដំណើរទៀតដោយសារក្មួយស្រីត្រូវទទួលសញ្ញាបត្រនៅថ្ងៃទី ២៨ ខែតុលាដែរ ហើយមិនអាចខកខានបាន អីចឹងមានតែយើងជាឪពុកមាខកខាន ដើម្បីយកពេលវេលាធ្វើជាអាណាព្យាបាលរបស់គាត់ក្នុងថ្ងៃដ៏ពិសេសមួយនេះរបស់គាត់»៕