ជើងចាស់តែខ្លឹម! កំពូលតារាចម្រៀងចាស់វស្សា ៣ ដួងនៅតែខ្លាំង ចេញច្រៀងម្តងៗអ្នកគាំទ្រលង់នឹងមន្តសំនៀងមិនជិនណាយ
បើរំឭកទៅដល់វត្តមានតារាស្រីជើងចាស់ ៣ ដួង ដូចជា អ្នកនាង ហុឹម សុីវន អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកស្រី សួន ចន្ថា បើទោះបីជាមហាជនភាគច្រើននិយមចូលចិត្តខ្លាំងទៅលើតារាចម្រៀងសម័យថ្មីក្តី ក៏ប៉ុន្តែមកទល់ពេលនេះក៏នៅតែមិនទាន់មានតារាជើងថ្មីណាម្នាក់អាចមកប្រៀបផ្ទឹមនឹងកំពូលតារាជើងចាស់ទាំង ៣ រូបនេះនៅឡើយទេ ដោយពួកគាត់នៅតែលេចធ្លោ និង មានសមត្ថភាពខ្លាំងដដែលក្នុងពិភពសិល្បៈផ្នែកចម្រៀងនេះ។
១. អ្នកនាង ម៉េង កែវពេជ្ជតា
កំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលជាង ២ ទសវត្សរ៍ផ្លាយមកហើយ ដោយអ្នកនាងតែងតែបំពេអារម្មណ៍មហាជនគ្រប់ស្រទាប់ឱ្យលង់ស្តាប់នូវមន្តសំនៀងផ្អែមមុតរបស់អ្នកនាងគ្រប់បទ គ្រប់ស្ទីល និង មកដល់ពេលនេះអ្នកនាងនៅតែទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាមហាជនទាំងក្នុងប្រទេស និង ក្រៅប្រទេស រហូតជាប់ងារថាជារាជិនីសំឡេងសម័យថ្មី។
២. អ្នកនាង ហុឹម សុីវន
អ្នកនាង ហុឹម សុីវន ក៏ជាតារាចម្រៀងជើងចាស់ម្នាក់ដ៏ខ្លាំងផងដែរ ដូចពាក្យចាស់លោកពោលថា «ខ្ញីកាន់តែចាស់កាន់តែហិល» គឺមិនខុសនោះឡើយ អ្នកនាងនៅតែជាទីពេញនិយម និង ទទួលបានការគាំទ្ររាល់ពេលដែលអ្នកនាងបានបង្ហើរសំនៀងដ៏ពីរោះក្រអួនក្រអៅរបស់ខ្លួនម្តងៗតាមឆាកប្រគំតន្រ្តី និង ព្រឹត្តការណ៍នានា។ អ្នកនាង ហុឹម សុីវន នៅតែមានឥទ្ធិពលខ្លាំងនៅក្នុងស្រទាប់មហាជនទូទៅ ជាពិសេសគឺបងប្អូនពុកម៉ែ មាមីង មិនថាអ្នកទីក្រុង ឬ នៅតាមទីជនបទនោះឡើយ គឺចូលចិត្តស្តាប់សំនៀងរបស់អ្នកនាងខ្លាំងណាស់។
៣. អ្នកនាង សួន ចន្ថា
អ្នកនាង សួន ចន្ថា ក៏ជាតារាចម្រៀងមួយរូបដែលមានភាពល្បីល្បាញ ហើយនៅតែខ្លាំង និង អាចទាញយកប្រជាប្រិយភាពខ្លួនបានដដែល តាមរយៈការបង្ហើរទឹកដមសំឡេងដ៏ផ្អែមពីរោះរណ្តំចិត្ត និង ញាក់កន្ត្រាក់អារម្មណ៍។ ក្រៅពីនោះអ្នកនាងក៏ជាតារាចម្រៀងសិចសុី និង យេៗម្នាក់ផងដែរកាលពីពេលកន្លងទៅនោះ ដែលទាំងអស់នេះហើយបានស្ទួយឱ្យកេរ្តិ៍ឈ្មោះរបស់អ្នកនាងឡើងដល់កម្រិតកំពូល ក្លាយជាតារាចម្រៀងស្រីម្នាក់ស្ថិតនៅក្នុងដួងចិត្តអ្នកគាំទ្រមកដល់បច្ចុប្បន្ន៕