សម្ដែងរឿងជាមួយគ្នាយូរៗ នាយព្រែក សុំតារាជើងចាស់ ទេព រិន្ទដារ៉ូ ធ្វើឪពុកធម៌
បើនិយាយដល់តារាសម្ដែងជើងចាស់ លោក ទេព រិន្ទដារ៉ូ គឺជាសិល្បករមួយរូប ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញសុះសាយមិនចេះសាបរលាប ពោលគឺចាប់តាំងពីទសវត្សរ៍ ៨០-៩០ រហូតមកដល់បច្ចុប្បន្ន តារាសាច់ចាំរូបនេះ នៅតែក្ដោបបានទីផ្សារសម្ដែងខ្សែភាពយន្តខ្នាតតូចធំផ្សេងៗ ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់មិនជិនណាយ។
ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះ លោក ទេព រិន្ទដារ៉ូ បានលេចមុខញឹកញាប់ក្នុងវីដេអូកំប្លែងខ្លីៗរបស់ នាយព្រែក ដែលមានការចូលរួមសម្ដែងពី យាយយ៉យ, អ្នកនាង ខ្ញុង, អូនក្ដឹប និង កញ្ញា ជេស៊ីកា ជាដើម ហើយវីដេអូកំប្លែងខ្លីៗរបស់ពួកគេ គេសង្កេតឃើញមានសន្ទុះនៃការគាំទ្រច្រើនគួរឱ្យកត់សម្គាល់។
ក្រោយចាប់ដៃគ្នាផលិតវីដេអូច្រើនរាប់ភ្លេច ងាកទៅមើលទំនាក់ទំនងរវាង នាយព្រែក និង តារាភាពយន្តជើងចាស់ លោក ទេព រិន្ទដារ៉ូ ក៏ហាក់កាន់តែស្និទ្ធស្នាលប្រៀបដូចជាឪពុកកូន។ មិនត្រឹមតែអ្នកគាំទ្រមើលឃើញពីទំនាក់ទំនងជិតដិតរបស់អ្នកទាំងពីរទេ សូម្បីតែ នាយព្រែក ផ្ទាល់ ក៏បានបង្ហោះរូបថតជាមួយរៀមច្បង ទេព រិន្ទដារ៉ូ និង បានហៅតារាជើងចាស់រូបនេះថា «ឪធម៌» ពេញមាត់ថែមទៀតផង៕