មកដឹងជីវិតបច្ចុប្បន្នជើងខ្លាំង ៤ រូបចុងក្រោយ ក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ១
បើគិតមកដល់បច្ចុប្បន្ន គេសង្កេតឃើញតារាចម្រៀងជាច្រើនរូប បានចាប់ផ្ដើមពន្លកសិល្បៈរបស់ពួកគេមកដល់សព្វថ្ងៃ តាមរយៈកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក The Voice Cambodia រដូវកាលទី ១ ដែលកម្មវិធីនេះបានរៀបចំឡើងកាលពីឆ្នាំ ២០១៤ កន្លងទៅ។
ពេលវេលារំលងផុតជាច្រើនឆ្នាំ អតីតបេក្ខភាពជើងខ្លាំង ៤ រូបចុងក្រោយនៃកម្មវិធីមួយនេះ ក៏បានប្រើប្រាស់ជីវិតលើវិថីសិល្បៈរបស់ពួកគេខុសៗគ្នា។
១. ប៊ុត សីហា ជ័យលាភី The Voice Cambodia រដូវកាលទី ១
កាលគ្រងតំណែងជាម្ចាស់ពានរង្វាន់ដំបូងៗ ប៊ុត សីហា ទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនកក់ក្ឌាំងពីទស្សនិកជន ប៉ុន្ដែមិនយូរប៉ុន្មាន ប្រជាប្រិយភាពរបស់លោកហាក់រសាត់ទៅវិញបន្តិចម្ដងៗ ព្រោះទម្ងន់នៃរឿងអាស្រូវហូរហែ រហូតមកដល់ជិតពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២៣ នេះ ប៊ុត សីហា បានផ្ទុះដំណឹងត្រូវសមត្ថកិច្ចឃាត់ខ្លួនជាថ្មីពាក់ព័ន្ធនឹងបងល្មើសគ្រឿងញឿន បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
២. ចំរើន សុភ័ក្រ
អតីតបេក្ខជនដ៏ឆ្នើមរូបនេះ បានប្រឹងប្រែងហោះជំហានដល់វិថីសិល្បៈ ពោរពេញដោយទេពកោសល្យ មិនថាទឹកដមសំឡេង និង ការរាំនោះទេ។ នៅឆ្នាំ ២០២០ សុភ័ក្រ បានចូលរួមការប្រឡងចម្រៀងដ៏ធំមួយទៀត និង បានក្លាយជាម្ចាស់ពាន «The Mask Singer Cambodia» ទៀតផង។ ងាកមកជីវិតបច្ចុប្បន្នវិញ ក្រៅពីជោគជ័យទាំងការងារសិល្បៈ និង មុខជំនួញហើយនោះ សុភ័ក្រ ក៏បានក្លាយជាកូនក្រមុំរបស់គូស្នេហ៍រូបសង្ហាទើបនឹងរៀបការថ្មីថ្មោងនេះផងដែរ។
៣. សយ រតនៈ
បេក្ខជន Top4 ដែលជាកូនក្រុមរបស់ Coach សោភា រូបនេះ ក៏កំពុងក្ដោបបានទាំងការងារសិល្បៈ ជំនួញ និង ស្នេហាផងដែរ។ រតនៈ បានភ្ជាប់ពាក្យជាមួយកញ្ញា ប៉ាច គីមមួយ ដែលជាអ្នកប្រឡងចម្រៀងជំនាន់ជាមួយគ្នា ហើយបច្ចុប្បន្នពួកគេកំពុងចាប់ដៃគ្នារកស៊ីយ៉ាងពេញទំហឹង ចំណែកមហាជនក៏សាទរចំពោះគូស្នេហ៍មួយគូនេះផងដែរ។
៤. ឃុន វត្ថា
ងាកមកជើងខ្លាំង Top4 ចុងក្រោយនៃកម្មវិធី The Voice Cambodia រដូវកាលទី ១ រូបនេះវិញ ក៏មានជីវិតល្អប្រសើរដែរ ដោយបច្ចុប្បន្នលោកនៅតែជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មរស្មីហង្សមាស ចំណែករឿងស្នេហាវិញ លោកក៏បានភ្ជាប់ពាក្យជាមួយនារីក្រៅសិល្បៈម្នាក់ ទាំងស្អាត ទាំងពូកែរកស៊ី ហើយថ្មីៗនេះពួកគេក៏បានកាន់ដៃគ្នាចូលរោងការរួចផងដែរ៕