ទោះមមាញឹកការងារ តែបុណ្យទានមិនភ្លេច! ត្រឹមបិណ្ឌ ៤ វណ្ណដា បានរហូតដល់ ៧ វត្តជាមួយព្រះរស់យ៉ាងជ្រះថ្លា
គិតមកដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នេះ ពិធីបុណ្យកាន់បិណ្ឌបានឈានមកដល់បិណ្ឌទី ៥ ហើយ រីឯពុទ្ធបរិស័ទទាំងចាស់ទាំងក្មេងក៏បានម្នីម្នានាំគ្នាចូលរួមក្នុងការកាន់បិណ្ឌតាមទីវត្តអារាមផ្សេងៗគ្នា ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិដែលបានចែកឋានទៅលោកខាងមុខ។
បើក្រឡេកទៅមើលសិល្បករ-សិល្បការិនីក្នុងប្រទេស ជាពិសេសគឺកំពូលតារាចម្រៀងរ៉េប វណ្ណដា ឯណោះវិញ នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ក្នុងនាមលោកជាពុទ្ធបរិស័ទដូចគ្នា ក៏មិនខុសពីបរិស័ទផ្សេងៗទៀតផងដែរ ទោះមមាញឹកនឹងសិល្បៈ ព្រមទាំងការងាររបស់លោកយ៉ាងណាក្ដី ក៏លោកបានឆ្លៀតពេលខ្លះក្នុងឱកាសបុណ្យទាន។
ជាក់ស្ដែង ដោយយោងតាមគណនីផេកផ្លូវការរបស់ វណ្ណដា កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី ៤ លោកបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅពេលលោកបានទៅវត្តជួបជុំជាមួយនឹងម្ដាយឪពុក បងប្អូន និង មិត្តភក្តិ នៅឯស្រុកស្អាង ខេត្តកណ្ដាល ដែលជាស្រុកកំណើតរបស់លោក។
ជាមួយគ្នានោះ លោកក៏បានបន្ថែមជាមួយនឹង Caption បន្ថែមថា ៖ « បិណ្ ឌ៤ ជ្រះថ្លាណាស់ជាមួយព្រះរស់ និង បងប្អូន បានសរុបទាំងអស់ចំនួន ៧ វត្ត សូមជូនកុសលផលបុណ្យ ជូនពុកម៉ែ យាយតា បងប្អូនទាំងអស់គ្នាផង សាធុ»៕