ក្តៅៗ! ដំណើរកម្សាន្តទៅទីអវកាសហោះជុំវិញភពព្រះចន្ទរបស់ T.O.P ជាមួយមហាសេដ្ឋី Yusaku Maezawa ត្រូវពន្យារពេលហើយ
កាលពីឆ្នាំ ២០២២ កន្លងមក មានការរាយការណ៍មួយមកថា អតតីសមាជិកក្រុម Big Bang T.O.P នឹងចូលរួមជាមួយមហាសេដ្ឋី Yusaku Maezawa ក្នុងដំណើរទៅកាន់លម្ហ ដែលតារាចម្រៀងកូរ៉េខាងត្បូងរូបនេះជាបុក្គលដ៏មានឥទ្ធិពលម្នាក់ក្នុងចំណោម ៨ នាក់ ដែលត្រូវបានគេជ្រើសរើសជុំវិញពិភពលោក។
យ៉ាងណាមិញ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ កន្លងមកនេះ គេហទំព័ររបស់ប្រទេសកូរ៉េខាងត្បូង KST បានឱ្យដឹងថា ការចូលរួមក្នុងគម្រោង «Dear Moon» ដែលជាបេសកកម្មមួយដឹកនាំដោយ Maezawa រួមដៃជាមួយ Space X Elon Musk អាចនឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងម្ដងទៀត។
បន្ទាប់ពីព័ត៌មាននោះបានចុះផ្សាយភ្លាម លោក Kim Sung Soo ជាសាស្ត្រាចារ្យមួយរូបផ្នែករុករកយានអវកាស នៅសកលវិទ្យាល័យ Kyunghee បានបង្ហាញខ្លួននៅលើសារព័ត៌មានមួយ និង បាននិយាយបន្ថែមអំពីបេសកកម្ម SpaceX មួយនេះថា ៖ «គម្រោង ‘Dear Moon’ គឺជាគម្រោងស៊ីវិលដំបូងដែលមានគោលបំណងហោះហើរទៅកាន់ឋានព្រះច័ន្ទ។ យានអវកាស Starship ដែលត្រូវបានអភិវឌ្ឍដោយ SpaceX ត្រូវបានគេរំពឹងថានឹងហោះហើរជុំវិញព្រះចន្ទប្រហែល ៦ ថ្ងៃ តាមផែនការដើមគឺត្រូវបន្តគម្រោងមួយនេះនៅឆ្នាំនេះ»។
លោកបានបន្ថែមទៀតថា ៖ «យើងបានបញ្ចប់កិច្ចសន្យាជាមួយពាណិជ្ជករផ្សារទំនើបជប៉ុនមួយរួចហើយ ដើម្បីឱ្យរ៉ុក្កែតមួយដែលមានឈ្មោះថា Starship អាចវិលជុំវិញព្រះច័ន្ទបាន។ បើយោងតាមគម្រោងដើម យើងគួរតែបានទៅទីនោះក្នុងពេលឆាប់ៗនេះ ប៉ុន្តែគម្រោងនេះទំនងជាមិនអាចបន្តបានទេនៅក្នុងឆ្នាំនេះ ក៏នឹងមិនអាចកើតឡើងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំនេះបានដែរ»៕