ផ្ទុះល្បី Nak Charlie បែកសង្សារ ស្រាប់តែអ្នកគាំទ្រនាំគ្នាចូលទៅដាក់ម្នាក់មួយម៉ាត់ៗស្រដៀងគ្នា
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស Nak Charlie និង Youtuber ដ៏ល្បីម្នាក់ក្នុងប្រទេសថៃ គឺស្រីស្រស់ Kaykai Salaider ចេញមកប្រកាសពីទំនាក់ទំនងជាសាធារណៈថាអ្នកទាំងពីរពិតជាកំពុងមើលចិត្តគ្នាមែន បន្ទាប់ពីមានការសង្ស័យពីមហាជនមួយរយៈធំកន្លងមកនេះ។
ទោះបីប្រកាសថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាគ្នាមែន ក៏អ្នកកំលោះ Nak Charlie មិនសូវបង្ហាញពីភាពផ្អែមល្ហែមតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឬ អ៊ីនស្តាក្រាមឡើយ។ ដោយឡែក នៅសុខៗទំនាក់ទំនងរបស់ Nak Charlie និង គូស្នេហ៍ស្រាប់តែផ្ទុះឡើងថារកាំរកូសគ្នាទៅវិញ ដែលនេះបានធ្វើឱ្យអ្នកគាំទ្រអន្ទះសាចង់ដឹងការពិតជាខ្លាំង។
មួយរយៈនេះ ងាកទៅមើលស្រីស្រស់ Kaykai វិញ ក៏ឧស្សាហ៍បង្ហោះពាក់ព័ន្ធនឹងរឿងខូចចិត្ត រឿងរ៉ាវប្រេះឆា ដែលនាំឱ្យមហាជនតែងតែបញ្ចេញមតិលើកទឹកចិត្តរហូត។ លើសពីនោះ គេឃើញថាខណៈដែលធ្លាយដំណឹងថាទំនាក់ទំនងតារាប្រុសស្រីទាំងពីរមានបញ្ហា មហាជនបានបញ្ចេញមតិផ្តល់កម្លាំងចិត្តសុំឱ្យ Nak Charlie និង Kaykai គិតឡើងវិញ កុំទាន់អាលសម្រេចចិត្តចែកផ្លូវគ្នាព្រោះមានអ្នកគាំទ្រច្រើនណាស់ដែលគាំទ្រ និង ស្រឡាញ់ពួកគេ៕