មកដឹងមូលហេតុដែល វណ្ណដា និង Juvie ប្រើសិទ្ធិពិសេសសង្រ្គោះ An AirDer ទោះ Coach ទាំង ៤ មិនបានចុចយក
កាលពីយប់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី The Rapper Cambodia បានចាប់ផ្ដើមដំណើរការឈានដល់វគ្គ Audition សប្ដាហ៍ទី ៣ ហើយ ដែលបេក្ខភាពនីមួយៗ បានបញ្ចេញទេពកោសល្យរ៉េបរៀងៗខ្លួន ដើម្បីទទួលបានការចុចយកទៅបង្វឹកពី Coach ទាំង ៤ រូប ដែលមានដូចជាលោក ខ្មែរមួយជីវិត , លោក King Chi, លោក Norith និង លោក RuthKo ព្រមទាំងគណៈកម្មការពីររូបទៀត គឺលោក វណ្ណដា និង លោក Juvie Lin។
ជាក់ស្ដែង ក្នុងសប្ដាហ៍ទី ៣ នៃកម្មវិធីប្រកួតប្រជែងសមត្ថភាពរ៉េបនេះដែរ មហាជនលើបណ្ដាញសង្គមកំពុងផ្ទុះចាប់អារម្មណ៍ជាខ្លាំងទៅលើបេក្ខភាពមួយរូប ដែលមានឈ្មោះថា សាង លាងអាន ហៅ An AirDer សព្វថ្ងៃរស់នៅជាមួយនឹងជីដូន ព្រមទាំងមានមុខរបរជាអ្នកដឹងជញ្ជូនម្ហូប បានបញ្ចេញសមត្ថភាពរ៉េបយ៉ាងមានអត្ថន័យ ប៉ុន្តែគួរឱ្យសោកស្ដាយ ដោយ An AirDer ពុំទទួលបានការចុចយកពីគ្រូបង្វឹកទាំង ៤ នោះឡើយ។
ជាមួយនឹងឆន្ទៈមោះមុត ព្រមទាំងការស្រឡាញ់ជាមួយនឹងការរ៉េប សាង លាងអាន បានធ្វើឱ្យ Producer ទាំងពីររូបពោលគឺ វណ្ណដា និង Juvie Lin បានមើលឃើញពីសមត្ថភាពរបស់បេក្ខជនរូបនេះ ហើយនៅមិនសុខស្រណុកក្នុងខ្លួន ដែលបេក្ខភាពរូបនេះពុំមានឱកាសបន្តទៅមុខទៀត បានធ្វើឱ្យពួកគេទាំងពីរបានសម្រេចចិត្តប្រើសិទ្ធិពិសេសរបស់ Producer ទៅសង្រ្គោះ An AirDer ដើម្បីមានឱកាសបន្តទៅមុខទៀត ក្រោមការបង្វឹកពី Coach RuthKo។
ដោយឡែក វណ្ណដា ក៏បង្ហើបពីមូលហេតុនៃការសម្រេចចិត្តប្រើសិទ្ធិពិសេសមួយនេះផងដែរថា ៖ «ដោយសារតែលោកគិតថា រូបគេនឹងមានរឿងរ៉ាវជាច្រើនទៀតនឹងយកមកបង្ហាញ ដែលទស្សនិកជនព្រមទាំងគណៈកម្មការចង់ដឹងពី លាងអាន បន្តទៀត»៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាការបង្ហាញសមត្ថភាពរបស់ An AirDer ខាងក្រោម៖