ពុះពារតាំងពីអាយុ ១៩ ឆ្នាំ សំណាង អេលីណា ពិតជាស័ក្តិសមតំណាងឱ្យកម្ពុជាក្នុងកម្មវិធី Miss International 2023
ក្រោយប្រកាសក្លាយជា Miss International Cambodia 2023 ឃើញថា សំណាង អេលីណា ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់មហាជន ដោយហេតុនាងអំណោយផលទាំងព្រមសម្រាប់កម្មវិធីនេះ ពោលគឺនាងវ័យក្មេងមានទាំងរូបសម្រស់ អត្តចរិត និង ចំណេះដឹង។
ក្នុងវ័យទើបតែ ២១ ឆ្នាំ ដែលនឹងតំណាងឱ្យកម្ពុជានេះ សំណាង អេលីណា ជាយុវតីវ័យក្មេងមួយរូបដែលស្រឡាញ់ និង បានលើកស្ទួយវិស័យអប់រំតាំងពីកំពុងនៅសិក្សាម្ល៉េះ។ តួយ៉ាង តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការកម្មវិធី Miss International សំណាង អេលីណា បាននិយាយថា ៖ «នៅអាយុ ១៩ ឆ្នាំ ខ្ញុំមានកិត្តិយសដែលបានតំណាងឱ្យប្រទេសរបស់ខ្ញុំនៅក្នុងកម្មវិធីប្រកួតសម្រស់លក្ខណៈអន្តរជាតិ។ ជាមួយពេលវេលានេះ ខ្ញុំបានធ្វើការជាមួយ NagaWorld ទៅលើគម្រោង CSR ដែលទៅទស្សនកិច្ចសាលាបឋមសិក្សាចំនួន ៥០ ដើម្បីលើកកម្ពស់ឱ្យក្មេងៗបន្តការសិក្សា។ នៅគ្រានោះខ្ញុំជាសិស្សកំពុងសិក្សានៅសាកលវិទ្យាល័យ ដែលតម្រូវឱ្យខ្ញុំពុះពាររកវិធីធ្វើយ៉ាងណាអាចបែងចែកពេលវេលាសម្រាប់ការសិក្សាផង កាន់តំណែងផង និង មតិតស៊ូរបស់ខ្ញុំផង។ ឥឡូវនេះខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និង កំពុងបន្តថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ។
ខ្ញុំបានរកឃើញខ្លួនឯងនៅលើវិថីថ្មីជាមួយតួនាទី និង ទំនួលខុសត្រូវជា Miss International Cambodia 2023។ ដូចដែលខ្ញុំបានបណ្តុះគំនិតនៅក្នុងបេះដូង និង មតិតស៊ូរបស់ខ្ញុំដែលជាការអប់រំយុវជន ខ្ញុំមានតួនាទីថ្មីជាទូតសុឆន្ទៈនៃក្តីស្រឡាញ់គ្មានព្រំដែនកំណត់ ដែលវាគឺជាគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល (NGO) នៅកម្ពុជាឈ្មោះថា «ក្តីសុបិនធំដើម្បីការអប់រំ (Dream Big for Education)៖ កុមារទាំងអស់សមនឹងទទួលបានឱកាសដើម្បីរៀន និងអភិវឌ្ឍន៍»។ តាមតំបន់ជនបទជិតទៅនឹងព្រំដែនថៃ ករណីភាពក្រីក្រជាបន្ទុកនៃការពុះពារប្រចាំថ្ងៃ។
រយៈពេលជាង ៦ ឆ្នាំមកនេះ កម្មវិធីដែលជាក្តីស្រឡាញ់គ្មានព្រំដែនកំណត់បានរីកចម្រើនលើសលុបសម្រាប់តម្រូវការក្មេងៗនៅតាមភូមិជនបទនានានៃភាគខាងលិចនៃប្រទេសកម្ពុជា។ សព្វថ្ងៃ សិស្សច្រើនជាង ៧០០ នាក់ បានចុះឈ្មោះនៅក្នុងកម្មវិធីសិក្សារបស់យើង Believe in Me Schools ជាកន្លែងដែលពួកគេទទួលបានការអប់រំប្រកបដោយគុណភាព និង ការគាំទ្រផ្សេងៗ»។
គួរឱ្យដឹងដែរថា កម្មវិធី Miss International 2023 នឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នៅឯទីក្រុងតូក្យូប្រទេសជប៉ុន៕