កូនក្រុមសំណប់ចិត្ត ២ រដូវកាល ធ្វើឱ្យ ឱក សុគន្ធកញ្ញា ច្រាលទឹកភ្នែកសោកស្ដាយ ពេលធ្លាក់ក្នុងវគ្គ Semi Final
មហាជនអ្នកគាំទ្រតាមដានកម្មវិធី The Voice Cambodia រដូវកាលទី ៣ បានជ្រាបហើយ កាលពីរាត្រីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលកម្មវិធីតម្រូវឱ្យបេក្ខភាព ១ រូបក្នុងក្រុមនីមួយៗជម្រុះចេញពីកម្មវិធី ដោយទទួលបានសំឡេងបោះឆ្នោតពីមហាជនតិចជាងគេ។
ក្នុងចំណោមបេក្ខភាពដែលមិនអាចបន្តជាមួយកម្មវិធី ក៏មានកញ្ញា សុខ សារ៉ាវីតា បានជម្រុះក្នុងវគ្គនេះ ដែលជាបេក្ខភាពជើងខ្លាំងកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា។
ក្រោយបេក្ខភាពដ៏ឆ្នើម សុខ សារ៉ាវីតា បានចាកចេញនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ឃើញថាមហាជនអ្នកគាំទ្រជាច្រើន បានបង្ហាញការសោកស្ដាយ ជាពិសេសគ្រូបង្វឹក ឱក សុគន្ធកញ្ញា ពិតជាស្ដាយខ្លាំងឈរមើលទាំងទឹកភ្នែកដែល សារ៉ាវីតា មិនអាចបន្តទៅដល់វគ្គផ្ដាច់ព្រ័ត្របាន។
ទិដ្ឋភាពបែបនេះ ធ្វើឱ្យមហាជននឹកឃើញដល់កម្មវិធី The Voice Cambodia រដូវកាលទី ២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា អ្នកនាង ឱក សុគន្ធកញ្ញា ក៏ខូចចិត្តស្រក់ទឹកភ្នែកខ្លាំងណាស់ដែរ ដោយត្រូវឈរមើលការចាកចេញរបស់កូនក្រុមសំណប់ចិត្ត គឺកញ្ញា រ៉េត ស៊ូហ្សាណា ដ្បិតតែនាងមិនមានឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែនាងជាបេក្ខភាពជើងខ្លាំងមួយរូបដោយមិនដែលធ្វើឱ្យ Coach ឱក សុគន្ធកញ្ញា ខកចិត្តម្ដងឡើយ៕