លាភចូលផ្ទួនៗ! ជិតស្វាគមន៍កូនទី ២ នី រតនា និង ភរិយា សែនព្រេនបើកជំនួញថ្មីមួយទៀត
មហាជនបានជ្រាបមកហើយថា ក្រោយបញ្ចប់ភាពនៅលីវ ដោយរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលមក លោក នី រតនា ក៏នៅតែទទួលបានប្រជាប្រិយភាពដូចដើម។ ជាងនេះទៅទៀត ជារឿយៗមហាជនជាច្រើន តែងតែនិយមតាមដានចូលចិត្តមើលរាល់សកម្មភាពជាលក្ខណៈគ្រួសារ ឬ ក៏រូបភាពសកម្មភាពកូនស្រីដ៏ឃ្យូដ និង វៃឆ្លាតគួរឱ្យក្នាញ់របស់លោកផងដែរ។
ខណៈចំណងអាពាហ៍ពិពាហ៍កំពុងតែមានសុភមង្គល ស្រាប់តែកាលពីដើមខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ លោក នី រតនា និង ភរិយា ទើបតែប្រកាសថាទទួលបានគ្រាប់ពេជ្រដ៏មានតម្លៃមួយទៀតនៅក្នុងផ្ទៃ ដែលមានអាយុ ៤ ខែហើយ។
ក្រៅពីជោគជ័យលើអាជីពចម្រៀង ស្រាប់តែនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក នី រតនា ក៏បានបង្ហោះរូបភាពនៅលើផេកផ្លូវការដោយភ្ជាប់សារថា៖ «បន្ថែមសមាជិក បន្ថែមមុខរបរថ្មី សូមឱ្យកូនចៅកាក់កប ជោគជ័យ ហេងៗ ថ្ងៃលាភ ថ្ងៃល្អ ឡើងឃ្លាំងក្រុមហ៊ុន» ចំពោះការបើកបង្ហាញនៅមុខជំនួញថ្មីផ្លូវការនេះ គេសង្កេតឃើញថា ទិដ្ឋភាពនៃឃ្លាំងក្រុមហ៊ុនពិតជាធំទូលាយមែនទែន តែលោកមិនទាន់បានបញ្ជាក់ថា ជំនួញថ្មីគឺជាអ្វីនោះឡើយ៕