ត្រឹមជាង ៣ នាទី ទេព បូព្រឹក្ស ជះលុយលើខោអាវថត MV ថ្មី រាប់ម៉ឺនដុល្លារ
ចំណោមតារាចម្រៀងស្រី បើនិយាយពីការធ្វើខ្លួនស្លៀកពាក់បែបហ្វេហ្សិននៅលើឆាក តារាចម្រៀង ទេព បូព្រឹក្ស ដឹងតែលះឈ្នះគេ និយាយឱ្យចំទៅគឺលេងខ្លួនមិនឱ្យច្រឡំគេឡើយ។ តារាស្រីកូនមួយពូកែរ៉េប ទេព បូព្រឹក្ស ក៏ត្រូវបានមហាជនគាំទ្រទូទៅដឹងថាជាអ្នកប្រ៊េននិយមឬជាអ្នកចូលចិត្តលេងសម្លៀកបំពាក់ម៉ាកយីហោល្បីៗ ដែលជារឿយៗគេតែងឃើញនាង និងលោក G-Devid ឡើងទៅទិញដល់កន្លែងផ្ទាល់នៅឯបរទេស ជាពិសេសប្រទេសបារាំង ដែលជាកន្លែងប្រជុំទៅដោយហាងលក់សម្លៀកបំពាក់ម៉ាកយីហោប្រណីតៗ និងល្បីលំដាប់ពិភពលោក។
យ៉ាងណាមិញ ថ្មីៗប៉ុន្មានពីរបីថ្ងៃនេះ តារាចម្រៀង ទេព បូព្រឹក្ស ទើបបានបញ្ចេញ MV បទថ្មីដ៏ឡូយបែបរ៉េបមួយនៅលើឆានែល YouTube របស់ខ្លួន ក្រោមចំណងជើង GG ដែលនេះគឺជាការ Comeback មកវិញបន្ទាប់ពីស្ងប់ស្ងាត់សម្រាលកូនមួយរយៈ។
តាមរយៈ MV មានរយៈពេលជាង៣នាទី ទេព បូព្រឹក្ស ចេញមកលើកនេះ ហឹរជាងមុន ឡូយជាងមុន ហើយក៏កាន់ប្លែកភ្នែកអស្ចារ្យជាងមុន ដែលមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ MV ថ្មីនេះទៀតនោះ ទេព បូព្រឹក្ស បានលេងខ្លួនជាមួយសម្លៀកបំពាក់ហ្វេហ្សិនសុទ្ធតែជាម៉ាកយីហោអន្តរជាតិល្បីៗ រីឯតម្លៃវិញដឹងតែកប់ មួយៗខ្ទង់ពាន់ដុល្លារ សរុបទៅរាប់ម៉ឺនដុល្លារតែម្តង។ នេះមិនទាន់រាប់បញ្ចូលការចំណាយលើក្រុមការងារ និងការរៀបចំប្លង់ថតពីមួយទៅមួយផងនោះ។ សម្រាប់សម្លៀកបំពាក់ និងគ្រឿងលម្អកាយពាក់នៅក្នុង MV យើងអាចសម្គាល់ម៉ាកយីហោធំៗមួយចំនួនដូចជា៖ Chanel, Gucci, Blenciaga, Gentle Monster និង MISBHV ជាដើម។ ចង់ដឹងតម្លៃថ្លៃប៉ុនណា តស់! ទៅទស្សនាខាងក្រោម៖
គួរឱ្យដឹងដែរថា ថ្វីបើ ទេព បូព្រឹក្ស ចូលចិត្តលេងខ្លួនបែបហ្វេហ្សិន ប៉ុន្តែទន្ទឹមគ្នានេះនាងក៏តែងធ្វើបទចម្រៀងលើកកម្ពស់ស្ត្រី និងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរតាមរយៈបទចម្រៀងរបស់ខ្លួនបង្ហាញទៅកាន់ពិភពលោកផងដែរ៕