អ្នកគាំទ្រចិន ចោទ Bosco Wong ថាខ្មឺត មិនរួសរាយ ពេលចូលរួមកម្មវិធីមួយនៅក្វាងចូវ
តារាសម្ដែងប្រុសហុងកុង Bosco Wong ជាតារាប្រុសលំដាប់មួយរូប ដែលមានឈ្មោះល្បីល្បាញ និង សម្បូរទៅដោយអ្នកគាំទ្រជាច្រើនប្រទេស រួមមានទាំងកម្ពុជាយើងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ អំឡុងពេលមានវត្តមានចូលរួមកម្មវិធីរបស់ប្រេនមួយនៅក្នុងក្រុងក្វាងចូវ ប្រទេសចិន តារាប្រុសវ័យ ៤២ ឆ្នាំរូបនេះ បែរជាទទួលបានការរិះគន់មិនពេញចិត្តពីសំណាក់អ្នកគាំទ្រនៅទីនោះទៅវិញ។ ជាក់ស្ដែង បើតាមព័ត៌មានបានឱ្យដឹងថា ពេលដែលដឹងថា Bosco ទៅចូលរួមក្នុងកម្មវិធីនៅក្វាងចូវ អ្នកគាំទ្ររបស់លោកជាច្រើន បាននាំគ្នាពុះពារឈររាប់ម៉ោង ហាលថ្ងៃក្ដៅហែង រហូតខ្លះសឹងតែដួលសន្លប់ទៀត ដើម្បីតែចង់ឃើញមុខតារាក្នុងដួងចិត្តរបស់ពួកគេរូបនេះ។
យ៉ាងណា អ្វីដែលអ្នកគាំទ្រទាំងនោះខំធ្វើ ហាក់មិនទទួលបានផលគាប់ចិត្តនោះឡើយ ព្រោះថា ក្រោយចប់កម្មវិធី ពួកគេក៏បាននាំគ្នាធ្វើការបង្ហោះអារម្មណ៍មិនពេញចិត្តព្រោងព្រាតពាសពេញបណ្ដាញសង្គម។ តាមការបង្ហោះរបស់អ្នកគាំទ្រម្នាក់បានរៀបរាប់ថា៖ «Bosco ខ្មឺត និង មិនរួសរាយទេ! ក្រោយចប់កម្មវិធី គាត់ប្រញាប់ប្រញាល់ចូលឡានចេញទៅភ្លាម មិនសូម្បីតែងាកក្រោយមើលពួកយើងអ្វីបន្តិច ទាំងដែលពួកយើងឈររាប់ម៉ោង រង់ចាំមើលគាត់។ គាត់មិនស្រឡាញ់អ្នកគាំទ្រខ្លាំងដូច Ron Ng នោះឡើយ»។
ដោយឡែក ក្រោយមតិមិនពេញចិត្តផ្ទុះពេញបណ្ដាញសង្គមចិន ក៏មានអ្នកគាំទ្រមួយចំនួនទៀត បានចេញមុខមកការពារ Bosco ដោយលើកឡើងថា Bosco គឺមិនមែនជាមនុស្សដូចអ្វីដែលអ្នកទាំងនោះលើកឡើងនោះឡើយ។ ពួកគេបានចែករំលែកវីដេអូ ដែល Bosco លើកដៃគ្រវី និង ញញឹមញញែមដាក់អ្នកគាំទ្រ៕