អ្នកគាំទ្រម្ចាស់មកុដ Miss Grand ថៃ ២០២៣ ពួយរិះគន់ Nawat ផាំងៗ ក្រោយលើក Engfa ហួសហេតុកាត់មុខ Aoom
ប្រិយមិត្តដែលនិយមតាមដានវិស័យបវរកញ្ញាប្រាកដជាបានជ្រាបមកហើយពីបេក្ខភាពឈ្មោះ Aoom Thaweeporn ដោយនាងគឺជាម្ចាស់មកុដ Miss Grand Thailand 2023 កំពុងត្រៀមខ្លួនធ្វើដំណើរទៅប្រកួតលើឆាកអន្តរជាតិនៅក្នុងប្រទេសវៀតណាមនាពេលខាងមុខនេះ។
បន្ទាប់ពីរកឃើញម្ចាស់មកុដ Miss Grand Thailand 2023 បានទៅលើ Aoom Thaweeporn តំណាងឱ្យខេត្តឈុមផន ត្រៀមទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខហើយ ខាងក្រុមហ៊ុន Miss Grand Thailand ក៏ចាប់ផ្តើមបើកបង្ហាញមុខបេក្ខភាពដែលចូលរួមប្រកួតសម្រាប់ឆ្នាំ ២០២៤ ជាបណ្តើរៗនៅតាមបណ្តាខេត្តនីមួយៗ។
តួយ៉ាង ថ្មីៗនេះ ខេត្តឈុមផន បានបើកបង្ហាញបេក្ខភាពចូលប្រកួតដែលមានបេក្ខនារីជាច្រើនដួងចូលរួមប្រកួត ហើយក៏មានវត្តមានលោក Nawat កញ្ញា Engfa និង Aoom Thaweeporn ផងដែរ ដែលបានចូលរួមជាភ្ញៀវកិត្តិយស។
អ្វីដែលនឹកស្មានមិនដល់នោះ ក្រោយចប់កម្មវិធីបង្ហាញខ្លួនបេក្ខភាពនៅក្នុងខេត្តឈុមផន ស្រាប់តែអ្នកគាំទ្ររបស់កញ្ញា Aoom Thaweeporn បញ្ចេញមតិរិះគន់ទៅលើប្រធាន Miss Grand លោក Nawat ភ្លែត ដោយពួកគេបានបង្ហោះរូបភាពមួយសន្លឹកដែលមានវត្តមាន Engfa ឈរក្បែរ Nawat ថា ៖ «Aoom គួរតែឈរក្បែរលោក Nawat គួរតែផ្តល់សិទ្ធិឱ្យ Aoom បង្ហាញខ្លួនចុងក្រោយគេ ព្រោះវាជាខេត្តរបស់នាង ហើយ Aoom ក៏ជាម្ចាស់មកុដ ២០២៣ ដែរ»៕