បានលុយជំនួយជាង ១ ពាន់ដុល្លារ ចំប៉ីខ្មៅ បែរជាប្រកាសលែងទៅប្រទេសថៃវិញ ហើយសន្យាធ្វើរឿងអាថ៌កំបាំងមួយ
បន្ទាប់ពីរឿងរ៉ាវសំណង់ប្រាសាទសីហនគរផ្ទុះឡើងគេឃើញ ចំប៉ីខ្មៅ ដែលគេស្គាល់ថាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដ៏ល្បីផ្នែកវប្បធម៌បានចេញមកបង្ហោះសារសុំជំនួយដើម្បីធ្វើដំណើរទៅប្រទេសថៃ ក្នុងគោលបំណងស្រាយចម្ងល់មហាជនខ្មែរដែលបានលើកឡើងថា ប្រាសាទសីហនគរចម្លង់ប្លង់ប្រាសាទអង្គរវត្តខ្មែរ។
តាមរយៈការបង្ហោះ ចំប៉ីខ្មៅ បានសរសេរថា ៖ «តស់ ធ្វើសកម្មភាពតែម្ដង ខ្ញុំសុំឱ្យអ្នកទាំងអស់គ្នាជួយខ្ញុំថ្លៃធ្វើដំណើរទៅពិនិត្យមើលសំណង់នៅប្រទេសថៃ ៣ ថ្ងៃ អាចចំណាចត្រឹម 1000$ ទាំងថ្លៃទៅ មក និង ស្នាក់នៅ។ សូមបញ្ជាក់ ខ្ញុំទៅបង្ហាញតែក្បាច់សំណង់ និង ការសាងសង់ មិនបញ្ជាក់រឿងដែលប៉ះពាល់ដល់ប្រយោជន៍ជាតិយើងទាំងពីរវាងកម្ពុជា-ថៃ ដែលជាប្រទេសជិតខាងនោះទេ។ ខ្ញុំគ្រាន់តែទៅបង្ហាញឱ្យជាក់លាក់ និង ប្រាកដថាដូច ឬ មិនដូច បើដូចដូចកន្លែងណាបើមិនដូចមិនដូចកន្លែងណា។ 1000$ គឺល្មមក្នុងការធ្វើដំណើរ។ សូមបងប្អូនទាំងអស់គ្នាកុំបន្ទោសថ្នាក់ដឹកនាំ សូមកុំចោទក្រសួង សូមកុំនិយាយអ្វីដែលធ្វើឱ្យប៉ះពាលប្រយោជន៍ជាតិ។ ខ្ញុំទៅគ្រាន់តែមានចេតនាបញ្ជាក់ឱ្យច្បាស់ក្នុងនាមជាកូនខ្មែរមួយរូបប៉ុណ្ណោះ ខ្ញុំគ្រាន់តែមានចិត្តចេះឈឺឆ្អាលទៅតាមលទ្ធភាព សូមគោរពអរគុណ សូមឱ្យគ្រប់គ្នាគោរពតួនាទីរបស់ក្រសួងដែលពួកគាត់អាចចរចាតាមរយៈទូត ព្រោះរាជរដ្ឋាភិបាលយើងមិនរំលងរឿងនេះទេ ពួកគាត់យកចិត្តទុកដាក់ណាស់រឿងអត្តសញ្ញាណជាតិយើងយើងជាខ្មែរតែមួយមានតែរួមគ្នាទេ»។
បន្ទាប់ពីប្រកាសដូច្នោះ មកគេឃើញមានបងប្អូនខ្មែរជាច្រើនបាននាំគ្នាបាញ់លុយឱ្យ ចំប៉ីខ្មៅ ដើម្បីធ្វើរឿងដូចដែលនិយាយ ព្រោះមហាជនពិតជាចង់ដឹងការពិត។ ដោយឡែក បន្ទាប់ការវេរលុយជាបន្តបន្ទាប់ចំនួនលុយក៏បានគ្រប់ ថែមទាំងលើសជំនួនដែល ចំប៉ីខ្មៅ ប្រកាសទៅទៀតគឺទឹកលុយបានកើនដល់ ១៤០០ ដុល្លារ។ ក្រោយពីទទួលបានលុយ ចំប៉ីខ្មៅ ក៏បញ្ជាប់ការរៃអង្គាសរបស់ខ្លួន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ខណៈដែលបានទទួលលុយជាង ១ ពាន់ដុល្លារ ចំប៉ីខ្មៅ ប្រកាសលែងទៅប្រទេសថៃវិញ ដោយយកលុយទៅធ្វើរឿងផ្សេងដែលខុសពីការប្រកាសដំបូង។ នេះបើតាមការបង្ហោះរបស់ ចំប៉ីខ្មៅ បានសរសេរថា ៖ «ខ្ញុំសម្រេចចិត្តមិនទៅប្រទេសថៃវិញ ជំនួយដែលបានមកពីសប្បុរសជន ខ្ញុំនឹងធ្វើរឿងដ៏រំភើបមួយ 1300$»។ បន្ថែមលើសពីនោះ ចំប៉ីខ្មៅ បានសរសេរថា ៖ « 1400$ ខ្ញុំសុំបញ្ឈប់ទទួលត្រឹមប៉ុនហ្នឹង សូមគោរពអរគុណ QR scan របស់ខ្ញុំ សុំលុបចេញពី Facebook ហើយ សូមរង់ចាំតាមដានជាបន្ត»៕