ស្រឡាញ់គ្នា ៥ ឆ្នាំ! ជីមមី ត្រូវសង្សារបណ្ដូលចិត្តកាដូលុយ ៥ ម៉ឺនដុល្លារ តំណាងឱ្យក្ដីស្រឡាញ់ ៥ ម៉ឺនដង
មហាជន ច្បាស់ជាបានជ្រាបមកហើយពីចំណងស្នេហ៍រវាងពិធីការិនីរូបស្រស់ ម៉េង ជីមមី និង គូស្នេហ៍គឺលោក នូ ជីមមី ដែលអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមយ៉ាងស្អិតល្មួត ឱបកៀកកើយគ្នាយ៉ាងល្អូកល្អិន ក៏ដូចជាតែងតែបង្ហាញនូវការយកចិត្តទុកដាក់ជាមួយគ្នាទៅវិញទៅមកតាមរយៈបណ្តាញសង្គមជារឿយៗ។ ជាការពិតណាស់ កន្លងមកកញ្ញា ជីមមី តែងតែត្រូវបានគូស្នេហ៍ជូនទៅដើរកម្សាន្តនៅក្រៅប្រទេសជាញឹកញាប់ផងដែរ។
នៅរាត្រីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៣ តាមរយៈគណនីហ្វេសប៊ុករបស់គូស្នេហ៍កញ្ញា ជីមមី បានបង្ហោះនូវវីដេអូរៀបចំកម្មវិធីខួបកំណើតជូនដល់កញ្ញាយ៉ាងអស្ចារ្យនៅឯភោជនីយដ្ឋានដ៏ល្បីមួយកន្លែងនៅក្នុងក្រុងភ្នំពេញ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ កញ្ញាទទួលបាននូវកាដូដ៏ពិសេស និង មានតម្លៃមួយពីគូស្នេហ៍ដែលបង្កប់នៅក្នុងនំខេកនោះ គឺទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លារ។ ក្នុងនោះ លោកក៏បានភ្ជាប់ជាមួយនិងពាក្យសម្តីដ៏មានអត្ថន័យថា៖ «រីករាយថ្ងៃកំណើតអូនសម្លាញ់របស់បង បងស្រឡាញ់អូន 50 000 ដង» មហាជនឃើញហើយមានការរំភើបចិត្តជំនួសសឹងតែទប់អារម្មណ៍មិនបានក៏បានចូលទៅខំមិនជូនពរ និងសរសើរព្រាត។
បើគិតមកដល់ពេលនេះ រយៈពេល ៥ ឆ្នាំហើយ ដែលអ្នកទាំងពីរបានសាងចំណងស្នេហ៍ដ៏ផ្អែមល្ហែមនឹងគ្នា មាននារីៗជាច្រើនដែលលួចច្រណែននឹងសំណាងរបស់នាង ព្រោះថាតារាស្រីរាងតូចច្រឡឹងរូបនេះ មិនត្រឹមតែរកបានគូស្នេហ៍សង្ហា ចេះស្រឡាញ់ថ្នាក់ថ្នម និង ចេះយកចិត្តទុកដាក់ចំពោះនាងថែមទៀតផង៕