មាស សុខសោភា បញ្ជាក់ច្បាស់ៗថា ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាតែ ១ គត់
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវប្រទេសថៃកំពុងសាងសង់សំណង់មួយស្រដៀងគ្នាខ្លាំងទៅនឹងប្រាសាទអង្គរវត្តដ៏អច្ឆរិយរបស់ប្រទេសកម្ពុជា បានធ្វើឱ្យមហាជនខ្មែរទាំងក្នុង និង ក្រៅប្រទេស នាំគ្នាផ្ទុះប្រតិកម្ម ចែករំលែកតតាំងព្រោងព្រាតពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok។
សន្ទុះនៃសំឡេងប្រតិកម្មរបស់ប្រជាជនកម្ពុជាកាន់តែច្រើនផុសផុលឡើង ក្នុងនោះគេក៏ឃើញវត្តមានសិល្បករ សិល្បការិនីរបស់កម្ពុជាជាច្រើនរូប បានចេញមុខបង្ហោះរូបភាព និង សរសេរ Caption បង្ហាញឱ្យពិភពលោកបានដឹងយ៉ាងច្បាស់ថា ប្រាសាទអង្គរវត្តគឺជារបស់កម្ពុជាតែមួយគត់គ្មានពីរឡើយ។
ក្នុងនាមជាកូនខ្មែរមានឈាមជ័រពីដូនតា និង ជាកំពូលតារាចម្រៀងដ៏ល្បីល្បាញមួយរូបផងនោះ អ្នកនាង មាស សុខសោភា បានបង្ហោះរូបភាពស្ដែងពីទិដ្ឋភាពដ៏ល្អឯកនៃប្រាសាទអង្គរវត្ត ហើយថែមទាំងបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រាសាទអង្គរវត្តគឺជាសម្បត្តិបេតិកភណ្ឌពិភពលោកតែមួយគត់របស់កម្ពុជា ៖ «អនុស្សាវីយ៍នៅប្រាសាទអង្គរវត្ត លើទឹកដីអច្ឆរិយ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកតែមួយគត់ គឺនៅក្នុងប្រទេសកម្ពុជា»៕
រូបភាព៖ Gentle Photography