ទ្រាំទៀតលែងបាន លឹម តិចម៉េង បង្ហាញអារម្មណ៍ឈឺចាប់ ក្រោយមានជាងខ្មែរទៅស៊ីឈ្នួលចម្លាក់ឱ្យថៃ
ខណៈនេះ រឿងរ៉ាវសំណង់ប្រាសាទថៃ ឈ្មោះ សីហនគរ ដែលស្ថិតក្នុងវត្តភូម៉ានហ្វា កំពុងក្លាយជាប្រធានបទមួយដ៏ក្តៅគគុកលើបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ក្រោយគេសង្កេតឃើញថា ប្លង់នៃប្រាសាទនេះហាក់ស្រដៀងគ្នាខ្លាំងទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។
គេសង្កេតឃើញថា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែកទៅកាន់ក្រសួងពាក់ព័ន្ធដើម្បីអន្តរាគមន៍ និង បកស្រាយថា តើរឿងប្រាសាទនេះពិតឬយ៉ាងណា? តែមកទល់ពេលនេះហាក់មិនទាន់ឃើញមានការឆ្លើយតបជាក់លាក់ណាមួយឡើយ ដែលនេះបានធ្វើឱ្យមហាជនជាច្រើននាំគ្នាបង្ហោះបញ្ចេញមតិទៅតាមការយល់ឃើញរៀងៗខ្លួន។
ទន្ទឹមផ្ទុះរឿងប្រាសាទនេះ គេក៏ឃើញមានព័ត៌មានចែករំលែកគ្នាបន្តថា ថៃបានជួលក្រុមជាងចម្លាក់ខ្មែរឱ្យទៅឆា្លក់ដែលឱ្យតម្លៃខ្ពស់ថែមទៀតផង។ ដោយឡែក ងាកទៅមើលតារាចម្រៀង លឹម តិចម៉េង ក៏បានចេញមកបង្ហាញអារម្មណ៍របស់ខ្លួនដែរ ខណៈដែលកន្លងមក លោកពុំធ្លាប់ចែករំលែកពាក់ព័ន្ធនឹងរឿងវប្បធម៌នេះឡើយ។
តាមរយៈការបង្ហោះរបស់អ្នកកំលោះ លឹម តិចម៉េង បានឱ្យដឹងថា ៖ «យូរណាស់ហើយមិនដែលចេះ share អ្វីទេ តែបើនេះជារឿងពិតនោះការឈឺចាប់ គឺប្រាកដជាក្លាយជាជំងឺរ៊ាំរ៉ៃក្នុងចិត្តខ្ញុំ ពិសេសកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ដោយសារតែអាហារ ៣ ពេល លក់ឧត្តមគតិបែបនេះ #អង្គរវត្ត»៕