ពិតជាគំរូ! ម៉ុង ម៉ានិត និពន្ធចម្រៀងផង និពន្ធសៀវភៅផង ឥលូវក្លាយជាទូតសុឆន្ទៈមហោស្រពអក្សរសិល្ប៍ខ្មែរទៀត
និយាយដល់តារាចម្រៀងដែលជាអ្នកនិពន្ធសៀវភៅប្រលោមលោកដ៏មានប្រជាប្រិយភាព ប្រិយមិត្តប្រាកដជាភ្នកនឹកដល់តារាចម្រៀងសំឡេងស្រទន់អង្រួនអារម្មណ៍យុវវ័យនោះគឺលោក ម៉ុង ម៉ានិត។ អាចចាត់ទុកថាលោកជាតារាចម្រៀងគំរូមួយរូបដែលរយៈពេលប្រឡូកក្នុងវិស័យសិល្បៈប្រមាណ១០ឆ្នាំ លោកបានដើរតួយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់វិស័យអំណានតាមរយៈការនិពន្ធ និងបោះពុម្ពសៀវភៅជាច្រើនក្បាល។
តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាចម្រៀង ម៉ុង ម៉ានិត បានសរសេររៀបរាប់លម្អិតអំពីដំណើរជីវិតលើវិស័យចម្រៀង និងនិពន្ធប្រលោមលោកយ៉ាងដូច្នេះ៖ លោក ម៉ុង ម៉ានិត កើតនៅឆ្នាំ១៩៩៦ នៅទីក្រុងភ្នំពេញ។ លោកគឺជាតារាចម្រៀង អ្នកនិពន្ធបទភ្លេង និងជាអ្នកនិពន្ធប្រលោមលោក និងអត្ថបទភាពយន្ត។ ក្នុងឆ្នាំ២០០៤ លោកបានបង្ហាញខ្លួនលើកដំបូងជាតារាសម្ដែងវ័យក្មេងនៅក្នុងស្ពតពាណិជ្ជកម្ម និងខ្សែភាពយន្ត។ នៅក្នុងឆ្នាំ២០១២ លោកបានវិវឌ្ឍនខ្លួនទៅជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងដោយទទួលបានការទទួលស្គាល់ពីប្រជាជនកម្ពុជា ហើយចម្រៀងរបស់លោកត្រូវបានចាក់ផ្សាយរាប់លានដងលើកញ្ចក់ទូរទស្សន៍ ស្ថានីយ៍វិទ្យុ និងលើបណ្ដាញអ៊ីនធើណេត។
១០ឆ្នាំក្នុងវិស័យចម្រៀង លោកបាននិពន្ធចម្រៀងប្រមាណជាង២០០បទ ហើយលោកក៏បានចេញអាល់ប៊ុមចម្រៀងទោលរបស់ខ្លួនដល់ទៅបីអាល់ប៊ុមផងដែរ។ លើសពីនេះ នៅឆ្នាំ២០១៦ លោកបានបោះពុម្ពសៀវភៅប្រលោមលោកជាលើកដំបូង ក្នុងយុទ្ធនាការលើកកម្ពស់ការអានរបស់លោកផ្ទាល់ឈ្មោះថា «ស្រលាញ់សៀវភៅ» ព្រមទាំងបានជួយកុមារកម្ពុជាដែលមានជំងឺតាមរយៈប្រាក់ចំណូលពីការលក់សៀវភៅផងដែរ។ រយៈពេលប្រមាណ៨ឆ្នាំក្នុងវិស័យអំណាន លោកបានបោះពុម្ពផ្សាយប្រលោមលោកចំនួន១៨ចំណងជើង ដោយក្នុងនោះមាន១៤ចំណងជើងត្រូវបាននិពន្ធដោយលោកផ្ទាល់។ សៀវភៅរបស់លោកប្រមាណ២៥ម៉ឺនក្បាល ត្រូវបានចរាចរក្នុងទីផ្សារក្នុងស្រុកយ៉ាងជោគជ័យ និងខ្លះទៀតត្រូវបានផលិតជាខ្សែភាពយន្ត ព្រមទាំងកំពុងបកប្រែជាភាសាបរទេសផងដែរ។
បច្ចុប្បន្ន លោក ម៉ុង ម៉ានិត ក៏ជាស្ថាបនិកនៃគ្រឹះស្ថានបោះពុម្ព «ស្រលាញ់សៀវភៅ» ដែលផលិត និងចែកចាយសៀវភៅប្រលោមលោកថ្មីៗ ព្រមទាំងជាកន្លែងបណ្ដុះបណ្ដាលអ្នកនិពន្ធវ័យក្មេងជំនាន់ថ្មីជាច្រើននាក់។ លើសពីនេះ លោកក៏មានហាងសៀវភៅក្នុងទីក្រុងភ្នំពេញ ដែលចែកចាយតែផលិតផលសៀវភៅដែលផលិតក្នុងស្រុក និងនិពន្ធដោយអ្នកនិពន្ធខ្មែរតែមួយម្យ៉ាងគត់។
អ្វីដែលសំខាន់ទៀតនោះ ថ្មីៗនេះ លោក ម៉ុង ម៉ានិត ត្រូវបានប្រកាសក្លាយជាទូតសុឆន្ទៈរបស់មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ដែលនឹងរៀបចំឡើងនៅខេត្តកោះកុងនាថ្ងៃទី២០-២២ខែតុលាឆ្នាំ២០២៣ខាងមុខនេះ។
ជាមួយការប្រកាសនេះ លោកបានបង្ហោះរូបភាពភ្ជាប់មកជាមួយពាក្យពេចន៍ដែរថា៖ «ខ្ញុំបាទរីករាយណាស់ដែលបានចូលរួមចំណែកជាផ្នែកមួយនៃមហោស្រពនៅឆ្នាំនេះ។ ការចូលរួមនេះនឹងជួយជំរុញការផ្សព្វផ្សាយអំពីមហោស្រពឱ្យសាធារណជនបានជ្រាប ក៏ដូចជាអភិវឌ្ឍនវិស័យអក្សរសិល្ប៍ វិស័យអំណាន ជំរុញ និងបង្កើតស្នាដៃនិពន្ធ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអ្នកអាន និងប្រជាជនកម្ពុជាឱ្យយល់ច្បាស់ពីសក្តានុពលនៃអក្សរសិល្ប៍ខ្មែរ»៕