ផ្ទុយពីនាយ ពាក់មី! ម៉ៃ សុគន្ធ ប្រតិកម្មខ្លាំង ក្រោយម្ចាស់គណនីមួយគូររូបខ្លួនលេងសើចនឹងសត្វជ្រូក
ថ្មីៗនេះ មហាជនដែលនិយមតាមដានបណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះសំណើចសើចគឹលក្រោយឃើញមានអ្នកគាំទ្រមួយរូបបានគូររូបជាគូស្នេហ៍ រវាងកំពូលតារាកំប្លែង ពាក់មី តែងជាមនុស្សស្រី ជាមួយនឹងលោក អ៊ីណូ ឱបចង្កេះគ្នាឡើងស្វីត។ មិនតែប៉ុណ្ណោះលោក ពាក់មី ថែមទាំងបានផ្តល់នូវជាថវិកាជូនដល់យុវជនដែលបានគូររូបខ្លួនផងដែរ។
យ៉ាងណាមិញ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក ម្ចាស់គណនីគូររូបដដែល មានឈ្មោះថា «នូ-Nou» ក៏បានបង្ហោះរូបគំនូរមួយផ្សេងទៀតរបស់លោក ម៉ៃ សុគន្ធ ធ្វើសកម្មភាពមិនសូវទំនងជាមួយនឹងសត្វជ្រូក។ រូបគំនូរមួយនេះបានធ្វើឱ្យម្ចាស់សាមីខ្លួនផ្ទាល់ សម្ដែងការមិនពេញចិត្ត ផ្ទុះប្រតិកម្មជាខ្លាំង រហូតបង្ហោះឱ្យអ្នកគូររូបមួយនេះចេញមុខសុំទោសខ្លួនជាសាធារណៈ ព្រមទាំងលាន់មាត់ថានឹងអាចប្ដឹងអ្នកគូរនោះ បើសិនជាប៉ះពាល់ដល់អារម្មណ៍របស់ខ្លួន។
ជាក់ស្ដែង នៅក្នុងសារដែលលោក ម៉ៃ សុគន្ធ បានបង្ហោះនោះលោកបានរៀបរាប់ថា ៖ «លេងសើច បែបប្រមាថ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗ។ អ្នកកំពុង រំលោភសិទ្ធិរស់រាន សេចក្តីថ្លៃថ្នូររបស់បុគ្គលហើយ ឆាប់ ចេញមកសុំទោសខ្ញុំជាសាធារណៈជាបន្ទាន់ និង ឈប់ចែកចាយរូបភាពគ្មានសីលធម៌បែបនេះ ទុកពេលឱ្យ ២៤ ម៉ោង។ (លេងសើច បែបសប្បាយបាន តែកុំលេងសើចបែបប្រមាថ) ករណី បើសិននៅតែមានការចែកចាយ ប៉ះពាល់ដល់អារម្មណ៍ខ្ញុំ និង ក្រុមគ្រួសារខ្ញុំ ខ្ញុំប្តឹងអ្នកជាបុគ្គលទី ១»។
ដោយឡែក ស្រាប់តែប៉ុន្មានម៉ោងក្រោយមក លោកក៏បានបង្ហោះសារមួយទៀត សំដៅកាលដែល ពាក់មី បានឱ្យជាថវិកាទៅកាន់អ្នកគូររូបនោះថា ៖ «ហែងធ្លាប់គូរបានលុយ តែហែងគូរអញអស់លុយហើយ អានាង»៕