មិនអាចបោះជំហានទៅដណ្តើមពាន ទីងតុង នៅតែរក្សាជំហរ និង សន្យាធ្វើរឿងមួយដើម្បីអ្នកគាំទ្រ
កាលពីរាត្រីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធី The Voice Cambodia រដូវកាលទី ៣ បានឈានដល់សប្តាហ៍ទី ៣ ហើយ ។ ក្នុងនោះក្រុមរបស់ Coach នីមួយៗមានឱកាសយកបេក្ខភាពតែ ៣ រូប ក្នុងចំណោម ៤ រូប បន្តទៅវគ្គ Live Show ប៉ុណ្ណោះ ដោយក្នុងនោះ បេក្ខភាព ២ រូប ត្រូវជាប់ដោយការផ្ញើសារពីអ្នកគាំទ្រ និង ១ រូប ត្រូវបានជ្រើសរើសពី Coach ប្រចាំក្រុមផ្ទាល់។
ដោយឡែក ងាកទៅកាន់បេក្ខជនរបស់ក្រុម Coach ណុប បាយ៉ារិទ្ធ ឯនោះវិញ បេក្ខភាពដែលបានចាកចេញពីការប្រកួតនូវសប្តាហ៍ទី ៣ នេះ គឺលោក ឈិត សុវណ្ណនិមិត្ត ហៅ ទីងតុង។
ជាការពិត បើទោះជាមិនអាចបន្តឈានដល់វគ្គដណ្តើមពានក៏ពិតមែន តែ ទីងតុង បានទទួលការគាំទ្រយ៉ាងសម្បើមពីអ្នកគាំទ្រ។ លើសពីនោះ មកមើលអារម្មណ៍ក្រោយបរាជ័យនៃការប្រកួត ទីងតុង ក៏ហាក់ធ្វើឱ្យអ្នកគាំទ្រធូរស្រាលចិត្តពីការបារម្ភ ក្រោយពីលោកបានបង្ហោះសារមួយឃ្លា។
ទីងតុង បានរៀបរាប់ថា ៖ «TingTong journey with the voice is already ended. អ្វីដែលចង់និយាយមានច្រើនជាងទឹកទន្លេ! ភាពល្អប្រសើរ ដែលទទួលបានពីការប្រឡងនេះ រាប់មិនអស់ ដូចកំពឹសក្នុងសម្លម្ជូរ។ តែអ្វី តុង ចង់និយាយនៅទីនេះថា មានន័យណាស់ ដែលបានឆ្លងកាត់នូវបទពិសោធល្អ ស្គាល់មនុស្សល្អ និង ធ្វើរឿងល្អៗបានច្រើន។ ខូចចិត្តបន្តិចដែរ ត្រង់ធ្វើឱ្យអ្នកស្រឡាញ់ តុង ទាំងអស់សោកស្តាយ តែក៏នៅតែជឿថា មនុស្សមានចិត្តស្រឡាញ់នៅតែស្រឡាញ់។ ហើយ តុង នៅតែបន្តមិនឈប់។ ម៉ាក់ប៉ាខ្ញុំពូកែ គ្រួសារខ្ញុំចិត្តល្អ លោកគ្រូរបស់ខ្ញុំក៏ល្អ រីឯមិត្តភក្តិ និង អ្នកគាំទ្រទៀតសោតក៏មិនបោះបង់ តុង។ មានហេតុផលអីត្រូវឈប់នោះ? តោះ! ញញឹមទៀត! ព្រោះពេលញញឹមស្អាតខ្លាំង ហាហា (សរសើខ្លួនឯងដែរ)»៕