តារាស្រី Hwasa ត្រូវប៉ូលិសហៅសាកសួរ ក្រោយចោទប្រកាន់ពីបទបង្ហាញកាយវិការស៊ីអារម្មណ៍លើឆាកតន្ត្រីក្នុងសាលា
ដូចដែលប្រិយមិត្តអ្នកគាំទ្រ Hwasa សមាជិក Mamamoo បានដឹងខ្លះៗមកហើយ កាលពីដើមខែឧសភា តារាស្រីរូបនេះបានទៅសម្ដែងក្នុងការប្រគំតន្រ្តី នៅឯមហោស្រពសាកលវិទ្យាល័យ Sungkyunkwan អំឡុងពេលច្រៀងសម្ដែងបទ «Don’t Give» នាងបានបញ្ចេញកាយវិការមិនសមរម្យ និង ស្ទាបអង្អែលរាងកាយយ៉ាងស៊ីអារម្មណ៍។
មិនយូរប៉ុន្មាន បន្ទាប់ពីការប្រគំតន្រ្តីនេះបានបញ្ចប់ វីដេអូនៃការសម្ដែងរបស់នាងបានរីករាលដាលពេញនៅអ៊ីនធឺណេត បង្កឱ្យមានភាពចម្រូងចម្រាសខ្លាំង។ ក្រោយមកកាលពីខែមិថុនា ស្រាប់តែ «Solidarity for the Protection of Human Rights of Students and Parents» បានដាក់ពាក្យប្តឹង Hwasa ចោទប្រកាន់លើ Hwasa ពីការប្រើភាពមិនសមរម្យជាសាធារណៈ អំឡុងពេលសម្ដែងនៅឯមហោស្រពសាកលវិទ្យាល័យ Sungkyeon កាលពីខែឧសភាកន្លងទៅ។
ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញខ្លួនតាមការកោះហៅរបស់ប៉ូលិសកាលពីខែសីហាផងដែរ ដើម្បីចូលបំភ្លឺនឹងរឿងចម្រូងចម្រាស ក្នុងការប្រគំតន្រ្តីអំពីចេតនាបង្ហាញពីភាពសិចស៊ីនោះ។ ទោះជាយ៉ាងណា មកដល់ថ្ងៃពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ មានសេចក្តីថ្លែងការណ៍មួយបានផ្សព្វផ្សាយក្នុងការឆ្លើយតបទៅនឹងរបាយការណ៍កោះហៅរបស់ប៉ូលិសថា ៖ «ពិតណាស់ Hwasa សមាជិក Mamamoo ត្រូវបានប៉ូលិសសាកសួរប្រាកដមែន ហើយនាងក៏បានសហការយ៉ាងល្អ ក្នុងការស៊ើបអង្កេតផងដែរ»៕