អ្នកឈ្នះមកុដភាគច្រើនគ្រងឈុតរបស់ Skor Krob តើអ្នកច្នៃម៉ូដរូបនេះមានអ្វីពិសេសខ្លះ?
បើមិនអ្នកឈ្នះមកុដ ក៏អ្នកជាប់លំដាប់រងដែរ ដែលភាគច្រើនបានគ្រងឈុតតំណាងជាតិដែលច្នៃឡើងដោយអ្នកច្នៃម៉ូដស្ករគ្រាប់ (Skor Krob)។ ជាក់ស្តែង ដូចជាសម្រាប់ឆ្នាំ ២០២៣ នេះ ម្ចាស់មកុដកម្មវិធី Miss Universe Cambodia 2023 កញ្ញា ចន សុទីម៉ា និង ម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ សុទ្ធតែបានគ្រងឈុតរបស់លោកដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ខណៈឈុតបង្កើតឡើងសុទ្ធសឹងទទួលបានការចាប់អារម្មណ៍ ជំនួបជជែកជាមួយ «ប្រជាប្រិយ» លោក ស្ករគ្រាប់ ឬ មានឈ្មោះពិតថា ជួប វិចិត្រ បានលើកឡើងថា ៖ «ឈុតតំណាងជាតិពិតជាសំខាន់ណាស់ ព្រោះពេលបង្ហាញនៅលើឆាក មានមនុស្សជាច្រើនតាមដាន ជាពិសេសប្រទេសដទៃនឹងចាំមើលថាតើយើងនឹងនាំអ្វីដែលល្អបំផុតមកតំណាងឱ្យប្រទេស ហើយពេលមានអ្វីដែលប្លែកចម្លែក គេនឹងធ្វើការស្រាវជ្រាវស្គាល់ពីប្រទេសរបស់យើង»។
លោកបន្ថែមទៀតថា ៖ «ឈុតតំណាងជាតិមិនចាំបាច់ទាល់តែជាឈុតបុរាណ ទើបហៅថាឈុតតំណាងជាតិនោះទេ ឱ្យតែឈុតហ្នឹងមានអ្វីមួយតំណាងឱ្យកម្ពុជាគឺគ្រប់គ្រាន់ ហើយក៏មិនចាំបាច់ទាល់តែប្រើគ្រឿងបុរាណនោះដែរ អាចត្រឹមតែរបស់អ្វីមួយតំណាងឱ្យកម្ពុជាដូចជា ស្លឹកត្នោត ឬ កន្ទេល ជាដើម។ សំខាន់ទៀតនោះ ក្នុងឈុតមួយផ្តោតបង្ហាញមួយដឹងមួយធ្វើយ៉ាងណាឱ្យអ្នកទស្សនាមើលមកយល់»។
ទម្រាំចេញជាឈុតលេចធ្លោមួយ វាមិនមែនជារឿងងាយស្រួលឡើងសម្រាប់ អ្នកច្នៃម៉ូដមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះ ពោលគឺវាត្រូវការការប្រើគំនិត ការតាំងចិត្ត និង ថវិកាផងដែរ។ លោកនិយាយថា ការបង្កើតឈុតនីមួយៗអាចប្រើពេលយូរទៅលើការឌីហ្សាញ តែបើសាច់ធ្វើអាចចាយពេលត្រឹមមួយខែ ឬ ជាងមួយខែបុណ្ណោះ។ ចំណែកការចំណាយវិញ ក្នុងមួយឈុតចាយយ៉ាងតិចពី ១ ពាន់ទៅ ១ ពាន់ ៥ រយដុល្លារ។ ការធ្វើឈុតលោកត្រូវចំណាយថវិកាផ្ទាល់ខ្លួន ជួនបេក្ខនារីខ្លះអាចជួយទៅលើស្បែកជើង។ ការលះបង់ទឹកប្រាក់នេះ លោកគ្រាន់តែមានបំណងចង់បង្ហាញស្នាដៃ ចង់ធ្វើចេញទៅមានភាពស្អាត ភាពល្អឥតខ្ចោះ សំខាន់ចង់បង្ហាញឱ្យអន្តរជាតិបានដឹងថាខ្មែរយើងក៏អាចធ្វើឈុតដែលមានភាពទាក់ទាញដូចប្រទេសដទៃដែរ។
សម្រាប់ការចេញម៉ូដ និង ការដកស្រង់ តាមការស្រាវជ្រាវផ្ទាល់ខ្លួន លោកពន្យល់ថាឈុតតំណាងជាតិអាចចែកចេញជា ៣ ៖ ទី ១ ឈុតបុរាណ ដែលជាឈុតអភិរក្សធ្វើតាមឈុតដើមទាំងស្រុង, ទី ២ ឈុតបុរាណច្នៃ ដែលយកពីម៉ូដបុរាណមកកែច្នៃខ្លះៗដើម្បីបង្កើតឈុតថ្មី និង មួយទៀតឈុតច្នៃថ្មី ដែលជាឈុតមិនចម្លងពីសម័យកាលណាមួយ និង ជាសិល្បៈបង្កើតស្នាដៃថ្មីសម្រាប់ទសវត្សរ៍ថ្មីតែម្តង។
លោកបន្ថែមចុងក្រោយយ៉ាងដូច្នេះ ៖ «ការច្នៃឈុតតំណាងជាតិត្រូវផ្តោតទៅលើចំណុចសំខាន់ចម្បង ៣ ៖ ទី១ ច្នៃយ៉ាងណាតម្រូវទៅតាមរាងរៅ មុខមាត់ និង ចំណង់ចំណូលចិត្តរបស់អ្នកស្លៀក, ទី២ ស្រាវជ្រាវគ្រប់ជ្រុងជ្រោយដើម្បីឈុតចេញទៅមិនជាន់ឈុតប្រទេសជិតខាង និង ទី ៣ ត្រូវដឹងច្បាស់ពីឈុតណាដែលអាចកែច្នៃបាន និង ឈុតណាដែលមិនអាចកែច្នៃបាន ជាពិសេសគឺឈុតបុរាណតែម្តង»។
គួរឱ្យដឹងដែរថា ក្រៅពីជាអ្នកច្នៃឈុតតំណាងជាតិមានស្នាដៃលេចធ្លោនៅក្នុងវិស័យប្រកួតសម្រស់ បច្ចុប្បន្នលោក ស្ករគ្រាប់ ក៏មានអាជីពជាអ្នករៀបចំឈុតសម្លៀកបំពាក់បុរាណ និង ឈុតសម្លៀកបំពាក់បែបសហសម័យសម្រាប់ការថតរូបផងដែរ។ លោកបានប្រឡូកការច្នៃឈុតតំណាងជាតិកាលពីឆ្នាំ ២០២០ ហើយក៏ចាប់ផ្តើមល្បីល្បាញស្នាដៃពីឆ្នាំ ២០២១ មកនៅក្នុងកម្មវិធី Miss Cambodia 2021 ដែលឈុតរបស់លោកបានឈ្នះ Best National Custom ក្នុងចំណោមឈុត ៣ ដែលល្អបំផុត ហើយក៏បានយកទៅប្រកួតនៅលើឆាកអន្តជាតិផងដែរ៕