គ្រាន់តែ Twopee ប្រកាសលក់ខុនដូប្រញាប់ភ្លាម ស្រាប់តែ Ploy ចេញនិយាយកាត់បែបនេះភ្លែត
តាំងពីប្រកាសទាក់ទងគ្នាមក គូស្នេហ៍តារាចម្រៀងរ៉េប Two Pee និង Ploy ហាក់មិនធ្វើឱ្យមហាជនអ្នកគាំទ្រគូស្នេហ៍អ្នកទាំងពីរខកបំណងឡើយ ពោលគឺផ្អែមល្ហែមស្ទើរគ្មានលស់មួយថ្ងៃ ពិសេស មួយរយៈចុងក្រោយនេះអ្នកទាំងពីរកាន់ដៃគ្នាហោះទៅកម្សាន្តក្រៅប្រទេសរហូត ធ្វើឱ្យអ្នកគាំទ្រឃើញហើយទប់ចិត្តច្រណែនមិនបាន។
ដោយឡែក ទន្ទឹមនឹងភាពផ្អែមល្ហែម ថ្មីៗនេះ Two Pee បែរប្រកាសលក់ខុនដូភ្លាមៗធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗព្រាត។ ក្នុងនោះ Two Pee បានបញ្ជាក់ហើយថា មូលហេតុដែលលោកប្រកាសលក់ខុនដូគឺ ដោយសារតែលោកត្រូវទៅរស់នៅផ្ទះថ្មី គ្មានអ្នកមើលខុនដូឱ្យទើបប្រកាសលក់។
យ៉ាងណាមិញ គ្រាន់តែ Two Pee ប្រកាស់លក់ខុនដូភ្លាម បើងាកមកមើល Ploy វិញ ចូលខមមិនកាត់មុខហួងហែងសង្សារបណ្តូលចិត្តភ្លែត ដោយនាងបានខមមិនថា ៖ «លក់តែខុនដូទេ តែមនុស្សដែលមើលថែ Two Pee មានហើយ» ដែលខមមិនមួយឃ្លានេះធ្វើឱ្យអ្នកគាំទ្រឃើញហើយញញឹមបិទមាត់មិនជិត៕