(វីដេអូ) កូនស្រីច្បងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បកស្រាយរឿងទារលុយ ២ ម៉ឺនដុល្លារ ទើបព្រមឱ្យ ប៊ឺត សំរេច ធ្វើ DNA
ការប្រកាសរបស់អតីតកីឡាករប្រដាល់ ប៊ឺត សំរេច កាលពីពេលកន្លងទៅថាលោកគឺជាកូនប្រុសបង្កើតរបស់អតីតអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត នៅតែជាមន្ទិលសង្ស័យរបស់ទស្សនិកជន ហើយអូសបន្លាយមកដល់បច្ចុប្បន្ន រឿងរ៉ាវមួយនេះនៅមិនទាន់មានភស្ដុតាងណាមួយបញ្ជាក់ថាការពិតយ៉ាងណានៅឡើយ។
លោក ប៊ឺត សំរេច បានអះអាងថា លោកគឺជាកូនឥតខាន់ស្លារបស់អតីតអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដែលម្តាយរបស់លោកជាអ្នករបាំព្រះរាជទ្រព្យសម័យមុន និង ជាគ្រូពេទ្យម្នាក់នៅខេត្តកំពង់ឆ្នាំង។ ការលើកឡើងរបស់លោក ប៊ឺត សំរេច បានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល ដោយអ្នកខ្លះជឿ និង ខ្លះទៀតមិនជឿ ទើបមានការទាមទារឱ្យមានការពិនិត្យ DNA ចំពោះលោក។
ពាក់ព័ន្ធនឹងការទាមទារនេះ លោក ប៊ឺត សំរេច ក៏ធ្លាប់បានអះអាងថា លោកហ៊ានទៅពិនិត្យ DNA ដោយមិនខ្លាចរអាឡើយ ក៏ព្រោះលោកគឺជាតំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មែន។ បើងាកមក អ្នកស្រី ខាវ ថងញ៉ុត ភរិយាស្របច្បាប់របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត វិញ បានបដិសេធមិនអនុញ្ញាតឱ្យកូនស្រីច្បងតែម្នាក់គត់របស់អ្នកស្រី ពិនិត្យ DNA ឡើយ លើសពីនេះ អ្នកស្រីក៏មិនទទួលស្គាល់ការលើកឡើងរបស់លោក ប៊ឺត សំរេច ថាជាការពិតដែរ។
ក្រោយមក ក៏ផ្ទុះការលើកឡើងរបស់លោក ប៊ឺត សំរេច ថាកូនស្រីច្បងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ទាក់ទងតាមរយៈទូរស័ព្ទទៅលោកទារលុយ ២ ម៉ឺនដុល្លារ ទើបព្រមឱ្យលោក ប៊ឺត សំរេច ធ្វើ DNA។ ពាក់ព័ន្ទនឹងរឿងលុយ ២ ម៉ឺនដុល្លារនេះ កូនស្រីច្បងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានអះអាងផ្ទាល់មាត់ថា មិនបានដឹងរឿងឡើយ ហើយក៏គ្មានលេខដើម្បីទំនាក់ទំនងគ្នាដែរ ហើយអ្នកស្រីថែមទាំងមិនស្គាល់លោក ប៊ឺត សំរេច ទៀតផង។ ទស្សនាវីដេអូខាងក្រោម ៖