Yoon Hyun Min បង្ហើបពីមូលហេតុបែកគ្នាជាមួយនឹង Baek Jin Hee ក្រោយស្រឡាញ់គ្នា ៧ឆ្នាំ
ថ្មីៗនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញព័ត៌មានបែកបាក់គ្នារបស់គូស្នេហ៍តារាសម្ដែងកូរ៉េ Yoon Hyun Min និង Baek Jin Hee ក្រោយស្រឡាញ់គ្នាបានជាង ៧ ឆ្នាំ។
នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ ខាងអ្នកតំណាងរបស់តារាប្រុស Yoon Hyun Min ក៏បានចេញសារបញ្ជាក់ពីការបែកបាក់របស់តារាទាំងពីរ ដែលធ្វើឱ្យអ្នកគាំទ្រមានសោកស្តាយជាខ្លាំង។
ក្នុងនោះដែរ អ្នកតំណាងរបស់តារាប្រុសរូបនេះ បានទម្លាយមូលហេតុដែលនាំគូស្នេហ៍មួយគូនេះ សម្រេចចែកផ្លូវគ្នា ដោយសរសេរនៅក្នុងសេចក្តីប្រកាសថា៖ «ដោយសារតែតារាទាំងពីររវល់នឹងការងារសិល្បៈរៀងខ្លួន រហូតធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ថាឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗ»។
ដូចដែលប្រិយមិត្ត អ្នកគាំទ្របានដឹងមកហើយ Yoon Hyun Min និង Baek Jin Hee បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៦ ប៉ុន្តែអ្នកទាំងពីរ បានបើកចំហស្នេហារបស់ពួកគេដល់អ្នកគាំទ្រក្នុងឆ្នាំ ២០១៧ សម្រាប់ទំនាក់ទំនងស្នេហាកន្លងមក គឺមានការគាំទ្រយ៉ាងពេញទំហឹង។ ទោះជាយ៉ាងណា គួរឱ្យស្តាយ អ្នកទាំងពីរបានសម្រេចបញ្ចប់ទំនាក់ទំនងជាមួយគ្នានៅក្នុងឆ្នាំ ២០២៣ ក្រោយពីស្រឡាញ់បាន ៧ឆ្នាំ៕