ពេជ្រ ចរណៃ ត្អូញត្អែរ ចង់ផ្សព្វផ្សាយប្រាសាទបុរាណខ្មែរនៅខេត្តសៀមរាប តែត្រូវអាជ្ញាធរបដិសេធរហូត
មហាជននិយមតាមដាន និង គាំទ្រតារាសម្តែងរូបស្រស់ ពេជ្រ ចរណៃ ប្រាកដជាបានជ្រាបហើយថា កញ្ញាមិនត្រឹមតែមានអាជីពនៅក្នុងវិស័យសិល្បៈតែម្យ៉ាងនោះទេ តែកញ្ញា ពេជ្រ ចរណៃ ក៏ជាកីឡាការិនីគុនល្បុក្កតោមួយរូបផងដែរ។
ពិតណាស់ កញ្ញា ពេជ្រ ចរណៃ តែងត្រូវបានមហាជនចាប់អារម្មណ៍ លើការបង្ហាញក្បាច់គុនល្បុក្កតោរបស់កញ្ញា ដោយកន្លងមកនាងតែងបង្ហាញនៅក្នុងការសម្តែង ក៏ដូចជានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជាដើមនោះ។ លើសពីនោះ បច្ចុប្បន្ន កញ្ញា ពេជ្រ ចរណៃ ក៏ជាគ្រូបង្ហាត់គុនល្បុក្កតោមួយរូបផងដែរ ព្រមទាំងក៏តែងតែបង្ហាញនូវវប្បធម៌ អរិយធម៌ និង កេរដំណែលផ្សេងៗជាច្រើនទៀតរបស់ដូនតាខ្មែរបង្ហាញទៅកាន់ពិភពលោកថែមទៀតផង។
ដោយឡែក កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ នេះ ស្រីស្រស់រូបនេះស្រាប់តែចេញមកបង្ហោះសារសម្ដែងការតូចចិត្ត ព្រោះចង់ផ្សព្វផ្សាយ បែរត្រូវអាជ្ញាធរមិនចេញច្បាប់អនុញ្ញាត ទោះបីស្នើសុំ ១០ ដងរួចមកហើយក៏ដោយ គឺពុំទទួលបានការអនុញ្ញាតម្តងឡើយ។ តាមរយៈការបង្ហោះស្រីស្រស់រូបនេះបានសរសេរថា ៖ «សុំនិយាយពីអារម្មណ៍ពិតដែលលាក់ទុកយូរមកហើយ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបដែលតែងតែលើកស្ទួយ និង ផ្សព្វផ្សាយពី សិល្បៈ វប្បធម៌ ក្បាច់គុន អក្សរសាស្រ្តខ្មែរ និង តំបន់ទេសចរណ៍..ល..។ គឺចង់ឱ្យប្រទេសដទៃទៀតគេបានដឹងបានស្គាល់ ថាប្រទេសកម្ពុជា ថាជាប្រទេសដែលសម្បូរទៅដោយសិល្បៈ វប្បធម៌ ប្រាសាទបុរាណជាច្រើន និង តំបន់ទេសចរណ៍ជាច្រើន ។ ដើម្បីផ្សព្វផ្សាយ ខ្ញុំត្រូវចំណាយលុយផ្ទាល់ខ្លួនចាក់សាំង ញ៉ាំបាយ ចំណាយផ្សេងៗ ផលិតវីដេអូ ចំណាយលើក្រុមការងារ..ល..! ទាំងមិនបានប្រាក់ខែ សួរថាខំបម្រើជាតិ បម្រើវប្បធម៌ជាច្រើនឆ្នាំមកនេះដើម្បីអ្វី?
ពេលខ្លះ ខំចំណាយពេលធ្វើដំណើរពីភ្នំពេញ ទៅ សៀមរាប រាប់ម៉ោង គឺដើម្បីតែទៅថតផ្សព្វផ្សាយតែប៉ុណ្ណោះ! ពេលខ្លះក៏ត្រូវនៅគេងរង់ចាំរហូតដល់ជាង ១ អាទិត្យក៏មាន ដើម្បីសុំច្បាប់ថតផ្សព្វផ្សាយ តែក៏នៅតែមិនទទួលបានការអនុញ្ញាតមិនក្រោម១០ដងទេ ដែលខ្ញុំ បានធ្វើការស្នើសុំនៅខេត្តសៀមរាម ដើម្បីថតផ្សព្វផ្សាយ ផ្សារភ្ជាប់ក្បាច់គុនបុរាណខ្មែរ ជាមួយប្រាសាទ ! តែមិនដែលបានទទួលការអនុញ្ញាតសូម្បីតែ ១ ដង ខ្ញុំមិនដែលទទួលបានការយកចិត្តទុកដាក់ និង ឱ្យតម្លៃ មកកាន់ខ្ញុំដែលជាកូនខ្មែរស្នេហាជាតិ និង វប្បធម៌ទេ ផ្ទុយទៅវិញ ត្រូវបានគេតាមឃ្លាំងមើលខ្ញុំគ្រប់សកម្មភាព ដូចខ្ញុំជាអ្នកទោសចឹង ខ្លាចខ្ញុំថត! មានពេលមួយនោះត្រូវបានបងៗប្រចាំការនៅតំបន់នោះឆែកទូរស័ព្ទខ្ញុំទៀត ខ្លាចខ្ញុំលួចថតរូបបង្ហាញក្បាច់គុនជាប់ជាមួយប្រាសាទ ឬ ថតជាប់នៅតំបន់ប្រាសាទ..ហុឹម..!
សុំទោសផង បើខ្ញុំសរសេរទៅមានការប៉ះពាល់ ខ្ញុំនិយាយក្នុងនាមជាប្រជាពលរដ្ឋដែលមិនដឹងមិនយល់ ពិតជាមិនយល់ពិតមែន គ្រាន់តែចង់ផ្សព្វផ្សាយ តំបន់ប្រាសាទ ទឹកដីបុរាណដ៏អស្ចារ្យ ដែលដូនតាបន្សល់ទុក ផ្សព្វផ្សាយទៅឱ្យពិភពលោកបានដឹង បានស្គាល់ និង មកទស្សនា តែបែរជាត្រូវបានហាមឃាត់ ប្រទេសខ្លះគេគ្មានប្រាសាទបុរាណអ្វីទេ គេធ្វើប្រាសាទពីសុីម៉ង់ គេខំផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោកឱ្យទៅទស្សនា រួមទាំងប្រជាជនខ្មែរមួយចំនួនផងដែរ»៕