អ្នកគាំទ្រនឹករឭក ពេលឃើញរូបថតចាស់ ទូច ស៊ុននិច ញញឹមយ៉ាងស្រស់ សំពះទន់ភ្លន់ជានារីខ្មែរថ្លៃថ្នូរ
បើរំឭកដល់តារាចម្រៀងស្រីរៀមច្បងដែលមានទឹកដមសំឡេងផ្អែមពីរោះ រណ្ដំដួងចិត្ត អាចឆក់បានបេះដូងទស្សនិកជនទាំងក្មេងចាស់ប្រុសស្រី ឱ្យសញ្ជឹងស្ដាប់នូវសូរសៀងដ៏លន្លង់លន្លោចដក់ជាប់ក្នុងក្រអៅបេះដូងមិនចង់ឃ្លាតឆ្ងាយនោះ គេជឿថា ប្រិយមិត្តភាគច្រើនប្រាកដជានឹកដល់សំឡេងច្រៀងដ៏ពីរោះរបស់តារាចម្រៀង ទូច ស៊ុននិច មិនខាន។
យ៉ាងណាមិញ រឿងដែលគួរឱ្យសោកស្ដាយ ទូច ស៊ុននិច បានឃ្លាតកាយឆ្ងាយពីវិថីសិល្បៈចម្រៀងរាប់ឆ្នាំមកហើយ បន្សល់នូវតែអនុស្សាវរីយ៍ទឹកដមសំឡេងក្នុងបទចម្រៀងចាស់ៗតែប៉ុណ្ណោះ។ រៀមច្បង ទូច ស៊ុននិច មិនអាចបង្ហើរសំនៀងច្រៀងបំពេអារម្មណ៍ទស្សនិកជនដូចកាលពីមុនបាន ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់តារាស្រីរូបនេះ នៅតែត្រូវបានក្មេងៗជំនាន់ក្រោយស្គាល់ និង នឹករឭកដល់ជារឿយៗ។
ស្របពេលដែលកេរ្ដិ៍ឈ្មោះរបស់តារាចម្រៀងរៀមច្បង ទូច ស៊ុននិច នៅតែត្រូវបានមហាជននឹករឭក ស្រាប់តែថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ Touch Sunnix បានបង្ហោះរូបថតចាស់មួយសន្លឹករបស់តារាចម្រៀង ទូច ស៊ុននិច ជាមួយទឹកមុខញញឹមយ៉ាងស្រស់ ដៃទាំងពីរលើកសំពះប្រកបដោយការគោរព បង្ហាញពីចរិយាដ៏សុភាពថ្លៃថ្នូររបស់ស្រ្តីខ្មែរ ធ្វើឱ្យមហាជនបានឃើញរូបថតមួយប៉ុស្ដិ៍នោះហើយ កាន់តែនឹករឭកដល់តារាចម្រៀងរូបនេះទ្វេដង៕