ស្ងាត់ៗ! គូម៉ា ប្រកាសចុះកុងត្រានឹងផលិតកម្មថ្មី ក្រោយចាកចេញពីទ្រនំចាស់អស់មួយរយៈ
កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកគាំទ្រលោក គូម៉ា ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាចម្រៀងសំឡេងស្រទន់រូបនេះ បានបង្ហាញវត្តមានចុះកុងត្រាចូលក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ជាផ្លូវការ ក្រោយបញ្ចប់កុងត្រានឹងទ្រនំចាស់ គឺផលិតកម្មថោន យ៉ាងស្ងប់ស្ងាត់។
ក្នុងការចុះកុងត្រាក្លាយជាតារាចម្រៀងផ្លូវការប្រចាំផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត់ត្រា នេះដែរ មហាជនអ្នកគាំទ្រក៏បានចូលរួមអបអរសាទរ និង រង់ចាំស្នាដៃថ្មីក្នុងទ្រនំថ្មីរបស់លោកផងដែរ។
ងាកទៅកាន់លោក គូម៉ា ឯនោះវិញ ក្រោយពីបង្ហាញខ្លួនជាផ្លូវការ ក្លាយជាតារាចម្រៀងក្រោមផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ភ្លាម លោកក៏បានបង្ហោះសារយ៉ាងមានន័យបង្ហាញពីអារម្មណ៍ពិតថា៖ «រសជាតិថ្មី បទពិសោធថ្មី! អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការគាំទ្រ បើគ្មានបងប្អូនទាំងអស់គ្នាទេ ក៏គ្មានខ្ញុំបាទមកដល់ថ្ងៃនេះដែរ»៕