ក្តៅចិត្តមៃក្រូហ្វូនខូច តារារ៉េប 50 Cent លេងពួយគ្រវែងចោលមួយទំហឹង ត្រូវក្បាលអ្នកទស្សនាក្រោម រងរបួសធ្ងន់
កាលពីថ្ងៃ ៣០ ខែសីហា ឆ្នាំ ២០២៣ រឿងរ៉ាវដ៏ក្ដៅគគុកមួយ បានផ្ទុះការចាប់អារម្មណ៍ព្រោងព្រាតពាសពេញបណ្ដាញសង្គម ដោយមានវីដេអូមួយបានបង្ហោះ បង្ហាញឱ្យឃើញពីតារារ៉េបអាមេរិក 50 Cent បានធ្វើការគប់មៃក្រូហ្វូនទៅលើអ្នកគាំទ្រដែលកំពុងចូលរួមទស្សនាការប្រគំតន្ត្រីរបស់លោក។
តាមឱ្យដឹង ពេលឡើងសម្ដែងនៅលើឆាក មៃក្រូហ្វូនរបស់លោក គឺស្រាប់តែមានបញ្ហា ដោយក្រោយមកលោក ក៏បានទទួលមៃក្រូហ្វូនមួយទៀតពីក្រុមការងារ ប៉ុន្តែមៃក្រូហ្វូនក្រោយនោះ ក៏នៅតែខូចទៀត ទើបធ្វើឱ្យលោកកើតចិត្តមួម៉ៅខ្លាំង រហូតគប់គ្រវែងចោលមួយទំហឹងទៅលើអ្នកគាំទ្រខាងក្រោម។
ក្រោយមកទៀត តារារ៉េប 50 Cent ក៏បានទទួលមៃក្រូហ្វូនថ្មី ហើយក៏បន្តសម្ដែងដោយមិនបានខ្វល់ពីមៃក្រូហ្វូន ដែលលោកបានគប់ទៅក្រោម ដែលជាកន្លែងអ្នកទស្សនាប្រមូលផ្គុំឈររង់ចាំគាំទ្រមើលការសម្ដែងរបស់លោកនោះឡើយ ដោយមៃក្រូហ្វូនដែលលោក គប់ចោលទៅនោះ បានហោះចំថ្ងាសរបស់អ្នកគាំទ្រម្នាក់ ដែលគេស្គាល់ថាជាពិធីករធ្វើការនៅវិទ្យុ បណ្តាលឱ្យបែកក្បាលហូរឈាមយ៉ាងច្រើនដោយរូបនាង ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស៕