ទៅដល់ទឹកដីប្រាក់ដុល្លារមួយរយៈ សុគន្ធ និសា បែរបង្ហោះសារបង្ហាញអារម្មណ៍ប្លែក
មួយរយៈមកហើយដែលតារាចម្រៀងសំឡេងមុត អ្នកនាង សុគន្ធ និសា បានកាន់ដៃស្វាមី ហោះហើរទៅទឹកដីសហរដ្ឋអាមេរិក ដើម្បីដកឃ្លាពីការងារដ៏មមាញឹកនៅស្រុកខ្មែរ ទៅសម្រាកលម្ហែកាយ ហើយបើតាមការសន្និដ្ឋានពីមហាជនភាគច្រើន ការធ្វើដំណើរទៅក្រៅប្រទេសលើកនេះ មានការលើកឡើងថា ទំនងជាអ្នកនាងត្រៀមយកទាយាទស្នងត្រកូល។
ទៅដល់អាមេរិកភ្លាម សុគន្ធ និសា បានដើរលេងកម្សាន្តជាច្រើនកន្លែង ហើយនាងក៏បានបង្ហោះរូបភាព ស្ដែងពីទិដ្ឋភាពដ៏ប្រណីតនៃទីក្រុងដ៏អភិវឌ្ឍន៍ លើទឹកដីប្រាក់ដុល្លារមួយនេះ ចែកឱ្យអ្នកគាំទ្រលើបណ្ដាញសង្គមបានទស្សនា។
ក្រៅពីពាក្យសម្ដីបង្ហាញពីអារម្មណ៍សប្បាយរីករាយនៃដំណើរកម្សាន្តលើកនេះ ស្រាប់តែថ្មីៗនេះ អ្នកនាង សុគន្ធ និសា បានបង្ហោះសារមានបង្គប់អត្ថន័យប្លែក រៀបរាប់វែកញែកពីការសម្រាកផ្លូវកាយផ្លូវគិត ហាក់ដូចជាកំពុងនឹកដល់ផ្ទះ ដែលជាទីកន្លែងកក់ក្ដៅធ្លាប់រស់នៅតាំងពីតូចក្រូចឆ្មារ។
ក្នុងនោះ សុគន្ធ និសា បានរៀបរាប់ថា ៖ «សម្រាកបានក៏សម្រាកទៅ សម្រាកមិនបានទេក៏ធ្វើការតទៀត ពេលសម្រាកមិនមែនចេះតែមាន តែបើមានហើយអ្នកអាចសម្រាកបានគ្រប់កន្លែង កន្លែងណាក៏យើងអាចសម្រាកបានដែរ ឱ្យតែចេះសម្រាក តែបើយើងមិនដឹងកន្លែងសម្រាកទេ ទោះទៅដល់ទីណា កន្លែងស្អាតប៉ុនណាក៏មិនអាចសម្រាកបានដែរ។ កន្លែងស្អាតបានត្រឹមសម្រាកកាយ តែមិនអាចសម្រាកចិត្តបានឡើយ។ បើចេះសម្រាកគិត ទោះកន្លែងណាក៏បានសម្រាក។ (សម្រាកទាំងកាយទាំងការគិតទើបបានសម្រាកពិតប្រាកដ)»៕