(វីដេអូ) អ៊ីកូ វ៉ាក់សុង បកស្រាយរឿងឈុតឆាកថើបគ្នា ថាតួស្រីជាអ្នកខាតបង់មិនគួរបន្ទោសនាងឡើយ
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាចម្រៀង ថុល សុភិទិ ច្បាស់ជាបានជ្រាបមកហើយពីរូបភាព និង វីដេអូក្រៅឆាក នៃការសម្តែងជាមួយនឹងតារាស្រីវ័យក្មេងសាច់សខ្ចីដូចណ្ដូលចេក កញ្ញា អ៊ីងអ៊ីង ដោយបានថើបមាត់បែបរោលរាល ធ្វើឱ្យមហាជនឃើញហើយព្រឺសម្បុរ។
អ្វីដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍នោះ គឺគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ គឺអ្នកនាង ឡុង ម៉ានីន បានចេញមកបង្ហោះវីដេអូខាងលើនេះ និង ភ្ជាប់ជាមួយសារហាក់បង្ហាញការអាក់អន់ចិត្ត និង ប្រចណ្ឌមិត្តប្រុសរបស់ខ្លួនដែលសម្ដែងក្នុងឈុតស្នេហា ហើយក៏នាំឱ្យកើតរឿងរ៉ាវផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក។
ដោយឡែក ងាកទៅមហាជនឯនោះវិញ ជាពិសេសនារីៗមួយចំនួន ហាក់បង្ហាញអារម្មណ៍មិនពេញចិត្តទៅលើតួស្រី ច្រើនជាងតួប្រុស ដោយពួកគេលើកឡើងក្នុងន័យថា ការសម្តែងនេះ លើសពេក។ ជាងនេះទៅទៀត ចំណុចដែលរសើប គឺខាងប្រុងមានគូស្នេហ៍ទៀតនោះ។ តែក្នុងនោះ ក៏មានមហាជនមួយចំនួនបានលើកឡើងថា ការសម្តែង គឺបែបនេះហើយ ម្យ៉ាងទៀត តួសម្តែង គឺធ្វើតាមអ្នកដឹកនាំតែប៉ុណ្ណោះ។
យ៉ាងណា ងាកមកកាន់លោក អ៊ីកូ វ៉ាក់សុង ដែលជាអ្នកដឹកនាំក្នុងឈុតឆាកខាងលើ ក៏ហាក់មិនបង្អង់យូរ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ នេះ បានបង្ហោះវីដេអូរយៈពេលប្រមាណជា ១០ នាទី រៀបរាប់ពីការសម្តែងនោះ ដោយលោកបានលើកឡើងថា៖ «…នេះគឺជាសម្តែង ហើយលោកគ្មានបំណងក្នុងការបំបែកបំបាក់សង្សារអ្នកណាទេ។ ម្យ៉ាងវិញទៀត មុននឹងសម្តែង លោកក៏បានសួរបញ្ជាក់ដល់តួអង្គ ថាអាចធ្វើបានអត់ ឬយ៉ាងណា? ហើយបើមិនអាច លោកក៏មិនបង្ខំនោះដែរ។ រីឯការសម្តែងវិញ ដោយសារតែពួកគាត់បានដាក់អារម្មណ៍ ដាក់មនោសញ្ចេតនា ចូលតួ គឺជាសមត្ថភាពរបស់ពួកគាត់»។
មិនត្រឹមតែប៉ុណ្ណោះ នៅនាទីចុងក្រោយនៃវីដេអូ លោក អ៊ីកូ វ៉ាក់សុង ក៏បានបញ្ជាក់ថា៖ «ឈុតឆាកនេះ ការពិតទៅអ្នកខាតបង់ គឺជាតួស្រី ដោយសារតែគាត់ឱ្យតម្លៃស្ត្រី ដូច្នេះ សូមបងប្អូនកុំបន្ទោសគាត់»៕
សូមទស្សនាវីដេអូ ខាងក្រោម៖