កូនស្រីទើបអាយុ ២ ខួប ពេលនេះ Mew និង ស្វាមីប្រកាសមានសមាជិកថ្មីម្នាក់ទៀតហើយ
ចាប់តាំងពីទទួលបានកូនស្រីបណ្ដូលចិត្តម្នាក់មក គេសង្កេតឃើញគ្រួសារតារាសម្ដែងស្រី Mew Nittha និង លោក Saint កាន់តែមានពន្លឺសុភមង្គលទ្វេដង។ ដោយឡែក ងាកទៅមើលកូនស្រីតូចរបស់នាង គឺអូន Marin វិញ ពេលនេះមានអាយុ ២ ខួបហើយ ដែលជារឿយៗ Mew តែងតែបង្ហោះរូបភាព និង វីដេអូគួរឱ្យស្រឡាញ់ជាច្រើន នៅលើបណ្ដាញសង្គម មិនថាហ្វេសប៊ុក ឬ អ៊ីនស្ត្រាក្រាមឡើយ។
ទន្ទឹមនឹងមានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់នេះ មហាជនក៏តែងចង់ឃើញស្រីស្រស់ Mew ប្រកាសដំណឹងល្អកូនទី ២ ដែរ។ តួយ៉ាងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ នេះ ពិតជាធ្វើឱ្យអ្នកគាំទ្រតារាស្រី Mew Nittha សម្ដែងក្តីរីករាយជាខ្លាំងបន្ទាប់ពីអ្នកម៉ាក់កូនមួយរូបនេះចេញមកបង្ហោះរូប និង ប្រកាសថានាងកំពុងតែទទួលបានកូនទី ២ បន្ទាប់ពីអូន Marin ។
ជាមួយនឹងការទទួលបានសមាជិកថ្មីនេះ គេឃើញថាមានមហាជន និង អ្នកក្នុងរង្វង់សិល្បៈថៃជាច្រើនបានចូលទៅសម្ដែងក្តីរីករាយចំពោះ Mew និង ស្វាមី។ អ្វីដែលសំខាន់អ្នកគាំទ្រជឿជាក់ថាកូនទី ២ របស់ Mew ប្រាកដជាកូនប្រុសជាមិនខាន តែយ៉ាងណានេះគ្រាន់តែជាការស្មានរបស់អ្នកគាំទ្រប៉ុណ្ណោះ សម្រាប់ចម្លើយកូនភេទអ្វីមានតែរង់ចាំអ្នកម៉ាក់ Mew ទម្លាយម្តងទៀត៕