ណាក់ ស្រីណា សុខចិត្តនៅ Single មិនទាន់ប្រថុយរឿងរៀបការ អាចមកពីមូលហេតុនេះ
ពីមួយឆ្នាំទៅមួយឆ្នាំ គេឃើញសិល្បករ សិល្បការិនីជាច្រើន បានប្រកាសដំណឹងមង្គលការ លាជីវិតជា Single ចាប់ផ្ដើមជីវិតគូជាមួយមនុស្សដែលច្បាស់លាស់ កាន់ដៃគ្នាកសាងគ្រួសារតូចមួយប្រកបដោយភាពកក់ក្ដៅ សុភមង្គល ដោយមកដល់ពេលនេះ អ្នកសិល្បៈស្រករក្រោយៗជាច្រើន បានសាងគ្រួសារមានកូនប្រលែង រឹតចំណងអាពាហ៍ពិពាហ៍យ៉ាងរឹងមាំ។
ដោយឡែក ងាកមកតារាសម្ដែង ណាក់ ស្រីណា វិញ ដ្បិតថាពេលនេះ អ្នកសិល្បៈស្របាលៗនាង ភាគច្រើនគេបានរកឃើញដៃគូជីវិត ហើយខ្លះក៏រៀបការមានស្វាមី ថែមទាំងមានកូនទៀត ប៉ុន្ដែសម្រាប់ កញ្ញា ណាក់ ស្រីណា វិញ នៅមិនទាន់មានដំណឹងល្អពាក់ព័ន្ធនឹងរឿងគូគ្រងនៅឡើយ។
ណាក់ ស្រីណា កម្របើកបង្ហាញពីជីវិតឯកជនណាស់ ជាពិសេសរឿងស្នេហា ដោយឡែកស្រាប់តែថ្មីៗនេះ តារាសម្ដែងស្រីខាងលើ បានចែករំលែកនូវសារយ៉ាងចាក់ដោតមួយពាក់ព័ន្ធនឹងជីវិតរៀបការថា ៖ «មានអ៊ំស្រីម្នាក់ស្តាយក្រោយមិនបានយកប្តី តែមានស្រីៗជាច្រើនមានជំងឺផ្លូវចិត្តក្រោយយកប្តី #សុខភាពផ្លូវចិត្ត»។ ក្រៅពីចែករំលែកសារនេះហើយ ណាក់ ស្រីណា ក៏បានដាក់ Caption យ៉ាងខ្លីថា ៖ «នេះជាអ្វីដែលខ្ញុំចង់និយាយ»។
ការចែករំលែករបស់ ណាក់ ស្រីណា ហាក់បញ្ជាក់ឱ្យឃើញថា មកដល់ពេលនេះ នាងនៅមិនទាន់គិតគូរឿងរៀបការ អាចមកពីការព្រួយបារម្ភថានឹងមានសម្ពាធផ្លូវចិត្ត ក្រោយពីរៀបការ៕