ពេជ្រ សោភា លើករឿងខ្លួនឯងយ៉ាងភ្ញាក់ផ្អើល ពេលឃើញស្នេហា សុភិទិ និង សង្សារ រកាំរកូស
ពិតណាស់ ប៉ុន្មានថ្ងៃនេះ លើបណ្ដាញសង្គមហ្វេសប៊ុកគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ គឺអ្នកនាង ឡុង ម៉ានីន បានធ្វើឱ្យមហាជនអ្នកគាំទ្រតាមដានពីចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ក្រោយអ្នកនាងបង្ហោះសារប្រកាសបញ្ចប់ចំណងស្នេហ៍ជាមួយ សុភិទិ ជុំវិញមិត្តប្រុស សម្ដែងស្និទ្ធស្នាលខ្លាំងជាមួយនារីផ្សេងនៅក្នុងសាច់រឿង។
ជុំវិញការបង្ហោះសារចែកផ្លូវគ្នានោះ ក្រោយពី អ្នកនាង ឡុង ម៉ានីន បានឃើញវីដេអូខ្លីមួយរបស់លោក សុភិទិ សម្ដែងរឿងថើបមាត់ផ្ទាល់ជាមួយតួស្រី ធ្វើឱ្យអ្នកនាង ម៉ានីន អន់ចិត្តខ្លាំង ហើយសរសេរសារភ្ជាប់ជាមួយវីដេអូនោះថា ៖ «ធ្លាប់និយាយជាមួយថាម៉េច? ឥលូវម៉េច? ធ្វើអី ដឹងខ្លួនឯងហើយ…»។
លើសពីនេះ អ្នកនាង ម៉ានីន បង្ហោះសារបន្តបន្ទាប់ដោយប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយលោក ថុល សុភិទិ ទៀតផង ថែមទាំងបញ្ជាក់ច្បាស់ៗថា ៖ «លើកនេះ និយាយមែន ធ្វើមែន មិនបានលេងសើចជាមួយទេ»។ «អ្នកខ្លះគិតថាខ្ញុំសម្តែងជាឈ្លោះគ្នា។ សួរថាបើអ្នកជាខ្ញុំ ខ្ញុំធ្លាប់និយាយតាំងពីស្រឡាញ់គ្នាថាមិនឱ្យថតឈុតបែបនេះទេ អ្នកក៏ឆ្លើយថាសន្យា…តែចុងក្រោយអ្នកធ្វើចឹង សួរថាពេលខ្ញុំឃើញចិត្តខ្ញុំឈឺអត់….»។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវស្នេហាបែកបាក់រវាងតារាប្រុស សុភិទិ និង គូស្នេហ៍រូបស្រស់នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមដែលតាមដានចំណងស្នេហ៍អ្នកទាំងពីរ បង្ហាញការសោកស្ដាយ ព្រមទាំងបញ្ចេញមតិវែកញែកបន្តបន្ទាប់រៀងៗខ្លួនលើបណ្ដាញសង្គម។
ក្នុងនោះដែរ ស្របពេលឃើញចំណងស្នេហ៍របស់សិស្សប្អូន សុភិទិ រកាំរកូសគ្នាដោយសាររឿងរ៉ាវនេះ ក៏បានឃើញតារាចម្រៀងរៀមច្បង ពេជ្រ សោភា ចែករំលែកពីការបង្ហោះមួយដោយបញ្ចេញមតិប៉ុន្មានម៉ាត់ជុំវិញរឿងនេះថា ៖ «មានស្នេហាជាមួយតារាវាចឹង ចឹងហើយបានបងមិនយក»៕