Jes បញ្ជាក់ច្បាស់ៗពីមូលហេតុបែកគ្នាមិនពាក់ព័ន្ធនឹងជនទី ៣ ឡើយ រីឯ Prang ត្រឹមជាមិត្តប៉ុណ្ណោះ
កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុស Jes Jespipat Tilapornputt បានចេញមុខមកបកស្រាយហើយក្រោយពីផ្ទុះព័ត៌មានមួយរយៈធំជុំវិញបញ្ហាស្នេហារវាងលោក និង តារាសម្ដែងស្រី Vill Wannarot នាពេលកន្លងមក។
តាមរយៈបទសម្ភាស អ្នកកំលោះ Jes បានឆ្លើយឥតលៀមថា ខណៈនេះទំនាក់ទំនងលោក និង តារាស្រី Vill បានដើរដល់ផ្លូវបញ្ចប់ហើយ។ ដោយឡែក សម្រាប់មូលហេតុនៃការចែកផ្លូវគ្នាវិញគឺបណ្ដាលមកពីទស្សនៈគតិអ្នកទាំងពីរហាក់មិនចុះសម្រុងគ្នា បូកផ្សំនឹងពុំសូវមានពេលវេលាឱ្យគ្នាផងទើបសម្រេចចិត្តរស់រៀងៗខ្លួនវិញ។
កន្លងមក រាល់ពេលមានបញ្ហាអ្នកទាំងពីរតែងព្យាយាមរកផ្លូវដោះស្រាយ តែនៅមិនអាចបន្តទៅទៀតបាន។ ក្នុងនោះ សម្រាប់រឿងជនទី ៣ វិញ គឺលោកបានបញ្ជាក់ច្បាស់ៗថា គឺពុំមានពាក់ព័ន្ធឡើយ ហើយបើនិយាយពីទំនាក់ទំនងលោក និង ស្រីស្រស់ Prang Kannarun វិញ គឺត្រឹមជាមិត្តភក្តិ និង អ្នករួមការងារគ្នាប៉ុណ្ណោះ រាប់អានគ្នាធម្មតាមិនមានអ្វីលើសពីមិត្តភាពនោះទេ។ លើសពីនោះ បើនិយាយពីការបង្ហោះរូបភាពផ្អែមល្ហែមនឹងតារាស្រី Prang គ្រាន់តែជាការប្រម៉ូដរឿងថ្មីប៉ុណ្ណោះ៕