ក្ដាប់បានតំណែងជាគណៈកម្មការ MUC 2023 ស្រីស្រស់ ប៊ី សុធារី ធ្លោយមាត់និយាយរឿងមួយ
ប្រិយមិត្តដែលស្រឡាញ់តាមដានវិស័យបវរកញ្ញាភាគច្រើនសុទ្ធតែបានជ្រាបហើយថា កញ្ញា ប៊ី សុធារី ធ្លាប់គ្រងមកុដ Miss Universe Cambodia 2017 រហូតបានតំណាងឱ្យកម្ពុជាទៅប្រកួតលំដាប់អន្តរជាតិនៅសហរដ្ឋអាមេរិកទៀតផង ប៉ុន្ដែក្រោយមក នាងក៏ប្រកាសលាលែងពីតំណែង ព្រោះហេតុផលនៅពីក្រោយខ្នងជាច្រើន។
ក្រោយសំងំពង្រឹងសមត្ថភាព ចំណេះដឹង និង រូបសម្រស់ជាច្រើនឆ្នាំ ប៊ី សុធារី ក៏បានវិលត្រឡប់មកកាន់ឆាកប្រកួតម្ដងទៀតកាលពីដើមឆ្នាំ ២០២៣ នៅប្រទេសវៀតណាម ដែលលើកនោះ នាងតំណាងឱ្យកម្ពុជាទៅចូលរួម Miss Charm 2023 ប៉ុន្ដែមិនមានឱកាសទទួលបានមកុដឡើយ។
បរាជ័យច្រើនដង បទពិសោធរបស់ ប៊ី សុធារី នៅក្នុងវិស័យបវរកញ្ញាក៏កាន់តែចាស់ខែចាស់ថ្ងៃ ដោយនៅក្នុងឆ្នាំ ២០២៣ នេះ ប៊ី សុធារី ក្ដោបបានឱកាសក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe Cambodia 2023។
បន្ទាប់ពីទទួលបានកិត្តិយស ចំពោះតំណែងជាគណៈកម្មការហើយនោះ ស្រីស្រស់ ប៊ី សុធារី បានបង្ហោះសារមួយនៅលើហ្វេសប៊ុក បង្ហាញពីអត្ថន័យជ្រាវជ្រៅថា ៖ «ខ្ញុំជឿជាក់លើអំពើល្អ មិនថាអ្នកធ្លាក់ដល់ចំណុចណា ថ្ងៃណាមួយអំពើល្អដែលអ្នកបានសាងនឹងតបស្នង ហើយនាំអ្នកត្រឡប់មកកន្លែងមួយដែលល្អ និង ភ្លឺត្រចះត្រចង់ម្ដងទៀត I am back Your Miss… Cambodia»៕