ស្ងាត់ៗ Miss Grand ថៃ ២០២០ Nam Patcharaporn ត្រូវបានសង្សារបរទេសសុំរៀបការយ៉ាងភ្ញាក់ផ្អើល
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ នេះ បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាថៃមានការរំភើបចិត្ត ក៏ដូចជាភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីម្ចាស់មកុដ Miss Grand Thailand ឆ្នាំ ២០២០ នាង Nam Patcharaporn Chantarapadit ចេញមកបង្ហោះដំណឹងល្អក្រោយត្រូវបានមិត្តប្រុសជាបរទេសបំពាក់ចិញ្ចៀនសុំរៀបការ។
កន្លងមក គេពុំសូវឃើញស្រីស្រស់រូបនេះបង្ហាញភាពផ្អែមល្ហែម ឬ មុខគូស្នេហ៍ប៉ុន្មានឡើយលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួន ហើយសុខៗចេញមកបង្ហោះដំណឹងល្អបែបនេះពិតនាំឱ្យមហាជនមានការរំភើបចិត្ត។ បើតាមការបង្ហោះរបស់ស្រីស្រស់ Nam បានចេញមកបង្ហោះរូបភាពជាមួយគូសង្សារដោយទឹកមុខរីករាយលើកដៃបង្ហាញចិញ្ចៀនពេជ្រយ៉ាងស្រស់ស្អាត ហើយភ្ជាប់ Caption ថា ៖ «Said Yes! រៀបការក៏រៀបដែរឱ្យឆាប់ចប់»។
ងាកទៅមើលអ្នកគាំទ្រវិញ ក្រោយឃើញបវរកញ្ញាក្នុងដួងចិត្តរបស់ខ្លួនមានគូស្រករបរទេសដូចនោះ ពួកគេបានចូលទៅបញ្ចេញមតិអបអរព្រោងព្រាត។ លើសពីនោះ សូម្បីតែមិត្តក្នុងរង្វង់សិល្បៈ និង រងង្វ់បវរកញ្ញាក៏បានសម្ដែងក្តីរីករាយផងដែរ៕